ប្រទេសឥណ្ឌូនេស៊ីបញ្ជាអោយផ្តល់អាទិភាពអុកស៊ីសែនដល់ផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់
ហ្សារកាតា៖ រដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនផលិតអុកស៊ីសែនផ្តល់អាទិភាពដល់តំរូវការផ្នែកវេជ្ជសាស្រ្ត ចំពេលមានតម្រូវការកើនឡើងពីអ្នកជំងឺកូវីដ១៩ បន្ទាប់ពីមានមនុស្សស្លាប់ជាង ៦០ នាក់ នៅក្នុងមន្ទីរពេទ្យ ដែលការផ្គត់ផ្គង់បំពង់អុកស៊ីសែនសង្គ្រោះជីវិតស្ទើរតែអស់។
ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លងកូរូណាដ៏អាក្រក់បំផុតនៅទ្វីបអាស៊ី ដែលមានអ្នកឆ្លងចំនួន ២៧,៩១៣ នាក់ កាលពីថ្ងៃសៅរ៍ បានក្លាយជាកំណត់ត្រាថ្មីក្នុងចំណោមកំណត់ត្រាខ្ពស់ៗជាច្រើនក្នុងអំឡុងពេល ២ សប្តាហ៍ចុងក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរពេទ្យ Sardjito នៅលើកោះចាវ៉ា បានអោយដឹងថា អ្នកជំងឺ ៦៣ នាក់ បានស្លាប់ បន្ទាប់ពីជិតអស់អុកស៊ីសែន ក្នុងចន្លោះពេលពីថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យ ពេលបំពង់ថ្មីៗមកដល់។ ដោយឡែក មន្ទីរពេទ្យមិនអាចបញ្ជាក់បានទេ ថាតើអ្នកស្លាប់ទាំងអស់បានទទួលរងនូវជម្ងឺកូវីដ១៩ ឬយ៉ាងណា។
មន្ត្រីក្រសួងសុខាភិបាល លោក Siti Nadia Tarmizi បាននិយាយថា ជាការឆ្លើយតប រដ្ឋាភិបាលបានស្នើសុំឱ្យឧស្សាហកម្មហ្គាសបង្កើនផលិតកម្មអុកស៊ីសែនវេជ្ជសាស្ត្រ។
ជាងនេះទៀតសោដ មន្ទីរពេទ្យបាននិយាយថា អស់រយៈពេលជាច្រើនថ្ងៃមុនពេលឧប្បត្តិហេតុនេះ ពួកគេបានស្វែងរកការផ្គត់ផ្គង់អុកស៊ីសែនបន្ថែមទៀត ប៉ុន្តែអ្នកជំងឺបានប្រើប្រាស់វាចាប់តាំងពីថ្ងៃសុក្រ រហូតជិតអស់កំរិត ដែលជាហេតុនាំអោយការប្រើប្រាស់លើការផ្គត់ផ្គង់ឆាប់ជាងការកំណត់ទុក។
បន្ថែមពីលើនេះ ក្រសួងត្រួតពិនិត្យលើការឆ្លើយតបលើជំងឺកូវីដ១៩ របស់ឥណ្ឌូនេស៊ី បានបញ្ជាឱ្យឧស្សាហកម្មហ្គាសផ្តល់អាទិភាពដល់ផលិតកម្ម ដើម្បីបំពេញតំរូវការអុកស៊ីសែន ៨០០ តោន ក្នុងមួយថ្ងៃ សម្រាប់តម្រូវការវេជ្ជសាស្រ្ត។ NR