លោកស្រី អ៊ុងសាន ស៊ូជី ស្នើសុំតុលាការ អនុញ្ញាតអោយលោកស្រីជួបជាមួយនឹងក្រុមមេធាវី និងសកម្មជន
មីយ៉ាន់ម៉ា៖ មេដឹកនាំរដ្ឋាភិបាលដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានស្នើសុំតុលាការនៅថ្ងៃច័ន្ទនេះ ដើម្បីអនុញ្ញាតឱ្យជួបមេធាវីរបស់លោកស្រីដោយផ្ទាល់ នៅពេលដែលលោកស្រីបានបង្ហាញខ្លួននៅក្នុងសវនាការតាមរយៈការភ្ជាប់វីដេអូខល ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ដែលធ្វើឡើងដោយរបបយោធា ដែលអាចធ្វើអោយលោកស្រីជាប់ពន្ធនាគារ រយៈពេលជាច្រើនឆ្នាំ។
នៅពេលដែលលោកស្រី ស៊ូជី បានបង្ហាញខ្លួន អ្នកគាំទ្ររបស់លោកស្រីបានអំពាវនាវឱ្យប្រជាជនបង្ហាញការប្រឆាំងរបស់ពួកគេចំពោះរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសប្តាហ៍នេះ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា។
លោកស្រីត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយមេធាវីរបស់លោកស្រីតែតាមរយៈបណ្តាញវីដេអូខល អមដោយវត្តមានរបស់មន្រ្តីសន្តិសុខ ហើយគេមិនដឹង ថាតើលោកស្រីដឹងអំពីភាពវឹកវរ ចាប់តាំងពីយោធាបានកាន់កាប់អំណាចដែរឬអត់?
មេធាវី Min Min Soe បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "ទេ, យើងមិនអាចទេ យើងអាចនិយាយតែពីរឿងច្បាប់ប៉ុណ្ណោះ" នៅពេលត្រូវបានគេសួរ ថាតើក្រុមអ្នកច្បាប់របស់លោកស្រីអាចនិយាយជាមួយលោកស្រីអំពីការតវ៉ាដែលបានសម្លាប់មនុស្សជាង ៧០០ នាក់ នោះឬអត់។
គួររំលឹកថា លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងរំលោភលើនិតិវិធីនៃជំងឺកូរូណាវីរុស។ លើសពីនេះទៅទៀត លោកស្រីក៏ត្រូវបានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចចោទប្រកាន់ពីបទស៊ីសំណូកផងដែរ៕NR