SYDNEY៖ អាជ្ញាធរអូស្រ្តាលីបានចាប់ផ្តើមផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាបន្ទាន់ នៅថ្ងៃព្រហស្បតិ៍នេះ នៅជាយក្រុងស៊ីដនី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃមេរោគ Delta ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។
នាយករដ្ឋមន្រ្តី លោកស្រី Gladys Berejiklian បានថ្លែងថា ការកើនឡើងនៃការចាក់ថ្នាំបង្ការរោគនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី កំពុងផ្តល់ក្តីសង្ឃឹមខ្លះនៅពេលទីក្រុងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងបានចាប់ផ្តើម។
មានករណីថ្មីចំនួន ៦៨១ ករណី ត្រូវបានរាយការណ៍នៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើនជាករណីនៅទីក្រុងស៊ីដនី លើសពីកំរិតខ្ពស់ប្រចាំថ្ងៃមុន ៦៣៣ ករណី ដែលបានកត់ត្រាកាលពីថ្ងៃពុធ។
មន្រ្តីកំពុងប្រជែងដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំងនៅទូទាំងរដ្ឋ ញូសៅវែល ដែលជាតម្រូវការជាមុនសម្រាប់ការដកវិធានការបិទខ្ទប់នៅក្នុងរដ្ឋនេះ។
ជាងនេះទៀតសោដ លោកស្រី Gladys Berejiklian មិនទាន់ពង្រីកការបិទជាផ្លូវការដែលបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅចុងខែនេះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ៧០% នៃចំនួនប្រជាជនរបស់រដ្ឋដែលមានអាយុលើសពី ១៦ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំង ដែលជាគោលដៅដែលលោកស្រីរំពឹងថា នឹងអាចសំរេចបាននាចុងខែតុលា។
អត្រានៃការចាក់វ៉ាក់សាំងរបស់រដ្ឋ បច្ចុប្បន្នមានចំនួន ២៨.៥% ដែលបានចាក់វ៉ាក់សាំងពេញលេញ ដោយខ្ពស់ជាងចំនួនជាតិបន្តិច ខណៈប្រហែល ៥២% បានទទួលយ៉ាងហោចណាស់ចំនួនមួយដូស។
ជាក់ស្តែង មន្រ្តីបានបែងចែកការផ្គត់ផ្គង់វ៉ាក់សាំង Pfizer (PFE.N) ជាងពាក់កណ្តាល ដែលបានទិញជាបន្ទាន់ពីប្រទេសប៉ូឡូញ ដែលស្មើនឹងប្រមាណ ៥០០.០០០ ដូស ដល់តំបន់ជាយក្រុងចំនួន ១២ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅស៊ីដនី ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ NR