(អេហ្ស៊ីប)៖ក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ១១ នាក់បានបាត់បង់ជីវិត និង ៩៨ នាក់បានរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងគ្រោះថ្នាក់រថភ្លើងមួយ នៅខេត្ត Qalioubia ភាគខាងជើងក្រុង Cairo របស់ប្រទេសអេហ្ស៊ីប ។មន្ត្រីផ្លូវដែកជាតិអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថភ្លើងកំពុងធ្វើដំណើរពី Cairo ទៅកាន់ Nile Delta នៃទីក្រុង Mansoura នៅពេលដែលទូរថភ្លើងចំនួន ៤ បានធ្លាក់ខុសផ្លូវ នៅម៉ោង ១:៥៤ នាទីរសៀល (១១:៥៤ GMT) ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយល៍) ពីភាគខាងជើងនៃទីក្រុង Cairo។ ប្រភពដដែលបានបន្ថែមទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។
ក្រសួងសុខាភិបាលបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ជាង ៥០ គ្រឿង បានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យចំនួន ៣ នៅក្នុងខេត្តនោះ។ផ្លូវរទេះភ្លើងនោះគឺជាផ្លូវដែកដែលមានគ្រោះថ្នាក់ធ្លាក់ផ្លូវបីបួនដងនាពេលថ្មីៗចុងក្រោយនេះ នៅក្នុងប្រទេសអេហ្ស៊ីប។ យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានស្លាប់ និងជិត ២០០ នាក់ទៀតរងរបួសនៅក្នុងខែមីនា នៅពេលរថភ្លើងពីរបានបុកគ្នានៅជិត Tahta មានចម្ងាយប្រហែល ៤៤០ គីឡូម៉ែត្រ (២៧៥ ម៉ាយល៍) ពីភាគខាងត្បូងនៃទីក្រុងCairo។ បន្ថែមពីនេះទៅទៀតនោះ ក៏មានមនុស្ស ១៥ នាក់បានរងរបួសក្នុងខែនេះ នៅពេលទូរថភ្លើងដឹកទំនិញ ២ គ្រឿងបានក្រឡាប់ក្បែរទីក្រុង Minya al-Qamh ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Cairo ។យ៉ាងណាម៉ិញ រដ្ឋមន្ត្រីដឹកជញ្ជូនអេហ្ស៊ីប លោក Kamel El-Wazir ដែលជាអតីតឧត្តមសេនីយ៍កងទ័ព បានប្រឈមមុខនឹងការអំពាវនាវឱ្យលាឈប់ពី សំណាក់ប្រជាជនអេហ្ស៊ីបមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផ្ទុយមកវិញ លោកបានបដិសេដមតិទាំងនោះ ហើយបានប្តេជ្ញាថានឹងបន្តធ្វើការអភិវឌ្ឍបណ្តាញផ្លូវដែកចាស់ទាំងនោះបន្តទៀត៕NR