(JAKARTA)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ BNPB បាននិយាយថា គ្រោះទឹកជំនន់បានកើតឡើងភ្លាមៗ បណ្តាលឱ្យមនុស្ស ៤១ នាក់ បានស្លាប់នៅកោះ Flores នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់មានមនុស្ស ៣ នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសទីម័រខាងកើតដែលជាប្រទេសជិតខាង។
អ្នកនាំពាក្យរបស់ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានគ្រួសារចំនួន ៤៩ គ្រួសារ ត្រូវបានរងគ្រោះនៅលើតំបន់ Flores នៅភាគខាងកើតនៃប្រជុំកោះដ៏ធំរបស់ឥណ្ឌូនេស៊ី។ ផ្ទះរាប់សិបខ្នងត្រូវបានកប់ក្នុងភក់ នៅក្នុងភូមិ Lamanele។ ផ្ទះរបស់អ្នកស្រុកត្រូវបានទឹកជំនន់នាំយកទៅ។ នៅលើកោះ Adonara នៅខាងកើតនៃ Flores ស្ពានមួយបានបាក់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងប្រយុទ្ធនឹងភ្លៀងធ្លាក់ ខ្យល់បោកបក់ខ្លាំង និងរលក។
ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ីបាននិយាយថា ព្យុះស៊ីក្លូនត្រូពិកមួយកំពុងខិតទៅជិតច្រកសមុទ្រ Savu Straits រវាងតំបន់ភាគខាងត្បូងនៃខេត្ត Nusa Tenggara និងឆ្នេរសមុទ្រភាគខាងជើងរបស់ទីម័រ ដោយព្រមានថា វាអាចនាំមកនូវភ្លៀង រលក និងខ្យល់បក់ថែមទៀត។
ស្របពេលជាមួយគ្នានេះ សារព័ត៌មានរ៉យទ័របាននិយាយថា នៅទីម័រខាងកើតដែលជាប្រទេសជិតខាងឥណ្ឌូនេស៊ីមានមនុស្ស៣នាក់បានស្លាប់ ក្នុងនោះក៍មាន ក្មេងអាយុ ២ ផងដែរ ដោយការរអិលបាក់ដីនៅជាយក្រុងនៃរដ្ឋធានី ឌីលី ។NR