លោកស្រី ស៊ូជី ប្រឈមនឹងការចោទប្រកាន់ថ្មីក្រោមច្បាប់សម្ងាត់របស់មីយ៉ាន់ម៉ា ស្របពេលមានការផ្អាកការភ្ជាប់អ៊ីនធឺណែតឥតខ្សែ
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សំងាត់ផ្លូវការក្នុងសម័យអាណានិគម ដែលជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងគូប្រជែងជើងចាស់នៃការគ្រប់គ្រងយោធា។
ទទឹមនឹងនេះ នៅក្នុងវិធានការណ៍ថ្មីមួយដើម្បីរារាំងការប្រាស្រ័យទាក់ទងអំពីភាពវឹកវរនេះ ក្រុមយោធាបានបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធឺណែតបិទសេវាកម្មអ៊ីនធឺណែតឥតខ្សែរហូតដល់មានការជូនដំណឹងបន្ថែម។
មេធាវីរបស់លោកស្រីគឺលោក Khin Maung Zaw បានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា លោកស្រីស៊ូជី រួមនឹងរដ្ឋមន្ត្រីបីរូបរបស់លោកស្រីដែលត្រូវបានទម្លាក់ពីតំណែង និងទីប្រឹក្សាសេដ្ឋកិច្ចអូស្រ្តាលីម្នាក់គឺលោក Sean Turnell ត្រូវបានចោទប្រកាន់កាលពីមួយសប្តាហ៍មុននៅក្នុងតុលាការក្រុងយ៉ាំងហ្គោន ក្រោមច្បាប់សម្ងាត់ផ្លូវការ។ លោកបន្ថែមថា លោកបានដឹងពីការចោទប្រកាន់ថ្មីកាលពី ២ ថ្ងៃមុន។ ការផ្តន្ទាទោសតាមច្បាប់អាចជាប់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំ។
មេធាវីរូបនេះបាននិយាយបន្ថែមថា៖ «លោកស្រី ស៊ូជី និងប្រធានាធិបតី U Win Myint ដូចជាមានសុខភាពល្អធម្មតាទេ» បន្ទាប់ពីបានឃើញការបង្ហាញខ្លួនតាមរយៈវីដេអូខលសំរាប់ការកាត់ក្តីកាលពីថ្ងៃ ព្រហស្បតិ៍។ ប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់លោកស្រីស៊ូជីក៏ត្រូវបានទម្លាក់និងឃុំខ្លួននៅក្នុងរដ្ឋប្រហារដែរនោះ លោកក៏ប្រឈមនឹងការចោទប្រកាន់ផ្សេងៗជាច្រើនដែរ។