សិង្ហបុរី៖ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ថា ភាពជាអ្នកដឹកនាំថ្មីរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺត្រូវការចាំបាច់ សម្រាប់ឱកាសណាមួយ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ជាពិសេសដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes  នៅថ្ងៃទី ១០ វិច្ឆិកា ២០២៣។

លោកស្រី គ្លីនតុន បាននិយាយថា «ក្រុមហាម៉ាសមិនមែនជាដៃគូ សម្រាប់សន្តិភាព ឬ ដំណោះស្រាយរដ្ឋណាមួយនោះទេ» ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា «អាជ្ញាធរប៉ាឡេស្ទីន និងភាពជាអ្នកដឹកនាំថ្មី នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីសង្គ្រាម អាចនឹងកើតឡើង»។

នៅពេលសួរថាតើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងក្លាយជាដៃគូដ៏មានសក្តានុពលសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា «ខ្ញុំមិនគិតថាមានភស្តុតាងណាមួយ បញ្ជាក់ថាអាចទៅរួចទេ.. ខ្ញុំគិតថា ប្រជាជនអ៊ីស្រាអែលនឹងត្រូវសម្រេចចិត្ត អំពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី»។

គួរបញ្ជាក់ដែរថា ការស្ទង់មតិដែលធ្វើឡើងដោយកាសែត Ma’ariv របស់អ៊ីស្រាអែល នៅពាក់កណ្តាលខែតុលា បានរកឃើញថា ៨០ភាគរយនៃប្រជាជនអ៊ីស្រាអែលជឿថា លោក Netanyahu ត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យផ្នែកសន្តិសុខ ដែលលាតត្រដាងតាមរយៈការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ