TOKYO៖ ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ដែលពាក់ព័ន្ធនឹងក្រុមកីឡាករអូឡាំពិក នៅក្នុងប្រទេសជប៉ុន បានប្រែក្លាយសណ្ឋាគារនៃទីក្រុងតូចៗទៅជាទីតាំង ជួរមុខនៃសង្គ្រាមរាតត្បាត ដែលត្រូវបានអនុវត្តវិធានការសុខភាពស្មុគស្មាញ ដើម្បីការពារអត្តពលិក វរជន និងសាធារណជន អោយធ្លាក់ក្នុងស្ថានភាពភ័យខ្លាច។

ការឆ្លងបានប៉ះពាល់ដល់ក្រុមយ៉ាងតិចណាស់ចំនួន ៧ ក្រុម ដែលបានទៅដល់ប្រទេសជប៉ុន ក្នុងរយៈពេលមួយសប្តាហ៍ មុនពិធីបើកការប្រកួត នៅថ្ងៃទី ២៣ ខែកក្កដា ហើយបន្ទាប់ពីទីក្រុងម្ចាស់ផ្ទះតូក្យូ បានរាយការណ៍អំពីចំនួននៃការឆ្លងមេរោគថ្មីបំផុតរបស់ខ្លួនខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីចុងខែមករា។

អ្នកជំនាញខាងសុខភាពនិងបុគ្គលិកសណ្ឋាគារនិយាយថា ការផ្ទុះឡើងនេះ បង្ហាញពីហានិភ័យនៃការប្រារព្ធព្រឹត្តិការណ៍កីឡាធំបំផុតរបស់ពិភពលោក ក្នុងអំឡុងពេលពាក់កណ្តាលនៃជំងឺរាតត្បាតជាសកល នៅក្នុងប្រទេសដែលមិនទាន់មានការចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់។

តួយ៉ាង សមាជិក ៤៩ នាក់ នៃក្រុមយូដូរបស់ប្រេស៊ីល កំពុងត្រូវបានគេដាក់នៅដាច់ដោយឡែក បន្ទាប់ពីមានករណីចំនួន ៨ ករណី ត្រូវបានរកឃើញក្នុងចំណោមបុគ្គលិកនៅសណ្ឋាគារដែលពួកគេស្នាក់នៅ ក្នុង Hamamatsu ភាគនិរតីនៃទីក្រុងតូក្យូ។ ដោយឡែក គ្មានអ្នកណាមួយក្នុងក្រុម យូដូ ដែលបានធ្វើតេស្ត៍វិជ្ជមាននោះទេ ប៉ុន្តែការខកចិត្តចំពោះការដាក់អោយនៅដាច់ដោយឡែក របស់ពួកគេកំពុងកើនឡើង ខណៈដែលមន្រ្តីសុខាភិបាលធ្វើការ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនេះ។

ការផ្ទុះផ្សេងទៀតក្នុងចំណោមអត្តពលិក រួមមាន សមាជិកនៃគណៈប្រតិភូអូឡាំពិក មកពី អ៊ូហ្គង់ដា ស៊ែប៊ី អ៊ីស្រាអែល និងប្រទេសជាច្រើនទៀត ដែលធ្វើតេស្តវិជ្ជមាន ឬដាក់នៅដាច់ដោយឡែកនៅក្នុងសណ្ឋាគាររបស់ពួកគេ បន្ទាប់ពីត្រូវបានគេកំណត់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលតេស្តវិជ្ជមាន។

គួររំលឹកថា ទីក្រុងតូក្យូ បានឈានចូលក្នុងស្ថានភាពអាសន្នលើកទី ៤ របស់ខ្លួន កាលពីដើមសប្តាហ៍នេះ ចំពេលមានការស្ទុះងើបឡើងវិញនៃករណីឆ្លង ដែលជំរុញឱ្យអ្នករៀបចំព្រឹត្តិការណ៍កីឡាហាមឃាត់អ្នកទស្សនាពីកន្លែងប្រកួតស្ទើរតែទាំងអស់។ មានករណីថ្មីជាង ១,៣០០ ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលច្រើនបំផុតក្នុងរយៈពេល ៦ ខែកន្លងមក។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ