ប្រេស៊ីល៖ ចំនួនអ្នកស្លាប់របស់ប្រទេសប្រេស៊ីលដោយសារជំងឺកូវីដ១៩ បានកើនលើស ៥០០.០០០ នាក់ កាលពីថ្ងៃសៅរ៍ ខណៈអ្នកជំនាញព្រមានថា ការផ្ទុះឡើងដ៏សាហាវបំផុតលំដាប់លេខ ២ នៅលើពិភពលោក អាចនឹងកាន់តែអាក្រក់ទៅៗដោយសារតែការចាក់វ៉ាក់សាំងការពារត្រូវបានពន្យារពេល និងការបដិសេធរបស់រដ្ឋាភិបាលក្នុងការគាំទ្រវិធានគម្លាតចម្ងាយសង្គម។
មានតែប្រជាជនប្រេស៊ីលចំនួន ១១% ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ហើយអ្នកជំនាញរោគរាតត្បាតបានព្រមានថា នៅពេលរដូវរងារមកដល់នៅភាគខាងត្បូង និងវ៉ារ្យ៉ង់វីរុសកូរូណាថ្មីកំពុងរាលដាល នោះជាហេតុនាំអោយការស្លាប់នឹងបន្តកើនឡើងទោះបីជាការចាក់ថ្នាំបង្ការធ្វើអោយប្រព័ន្ធភាពស៊ាំចាប់ផ្តើមកកើតក៏ដោយ។
យោងតាមរយៈទិន្នន័យរបស់ក្រសូងសុខាភិបាលកាលពីថ្ងៃសៅរ៍បានបង្ហាញថា ប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ ៥០០.៨០០ នាក់ ពីមនុស្សចំនួន ១៧.៨៨៣.៧៥០ នាក់ ដែលតែស៍វិជ្ជមាន និងជាចំនួនអ្នកស្លាប់ផ្លូវការអាក្រក់ជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រេស៊ីលមានអត្រាស្លាប់ជាមធ្យម ២,០០០ នាក់ក្នុងមួយថ្ងៃ។
ជាងនេះទៀតសោដ ប្រជាជនប្រេស៊ីលរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់លោក Bolsonaro នៃជំងឺរាតត្បាត នៅក្នុងការធ្វើបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដោយបានស្តីបន្ទោសរដ្ឋបាលចំពោះចំនួនអ្នកស្លាប់ខ្ពស់ និងបានអំពាវនាវឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង។ NR