ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីការស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងបំផុតក្នុងឆ្នាំ២០២១ ជាមួយនឹងចំនួនករណីឆ្លងខ្ពស់បំផុត
MELBOURNE៖ អូស្រ្តាលីបានរាយការណ៍ពីការស្លាប់ទាក់ទងនឹងវីរុសកូរូណាដំបូងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ និងមានករណីឆ្លងវីរុសថ្មីចំនួន ៧៧ ករណី នៅរដ្ឋញូវសៅវែល ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃការឆ្លងរាលដាលយ៉ាងខ្លាំងនៃវ៉ារ្យ៉ង់វីរុស Delta។
នាយករដ្ឋមន្រ្តី លោកស្រី Gladys Berejiklian បានថ្លែងថា ចំនួនករណីនៅក្នុងនិងជុំវិញទីក្រុងស៊ីដនី ដែលជាក្រុងធំបំផុតរបស់ប្រទេស ដែលស្ថិតនៅក្នុងការបិទទ្វាររយៈពេល ៣ សប្តាហ៍ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោកស្រី Gladys Berejiklian បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា "ខ្ញុំកំពុងទស្សន៍ទាយថា ចំនួននៅរដ្ឋញូវសៅវែល នឹងមានច្រើនជាង ១០០ ករណី នៅថ្ងៃស្អែក"។ "ខ្ញុំនឹងភ្ញាក់ផ្អើលប្រសិនបើវាតិចជាងនេះ" ។
កាលពីថ្ងៃសៅរ៍ មាន ៥០ ករណី ដែលជាកម្រិតខ្ពស់បំផុតកន្លងមក ក្នុងឆ្នាំ ២០២១។ នេះធ្វើឱ្យករណីដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ កើនដល់ ៥៦៦ ករណី។
គួររំលឹកថា ក្នុងចំណោមករណីកាលពីថ្ងៃអាទិត្យ មានមនុស្សចំនួន ៣៣ នាក់ ដែលបានចំណាយពេលនៅក្នុងសហគមន៍ ខណៈពេលដែលពួកគេកំពុងឆ្លងរាលដាល និងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបិទខ្ទប់ទៅលើប្រជាជន ជាង ៥ លាននាក់ នៅក្នុងទីក្រុងស៊ីដនី និងតំបន់ជុំវិញនឹងត្រូវបានពង្រីកបន្ថែមទៀត។ NR