ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃនឹងទទួលបានវ៉ាក់សាំង AstraZeneca (AZN.L) ចំនួន ៦១ លានដូស នៅឆ្នាំនេះ ខណៈប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួន ចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូរូណា។

បើទោះបីជា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca សម្រាប់តំបន់ ប៉ុន្តែមានការយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ថ្នាំបង្ការរោគប្រជាជនរបស់ខ្លួន។ ជាក់ស្តែង ប្រហែល ៩% នៃប្រជាជន ៦៦ លាននាក់ របស់ប្រទេសថៃ បានទទួលថ្នាំបង្ការពេញលេញ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាដំណឹងល្អ វានឹងជួយបង្កើតប្រព័ន្ធភាពស៊ាំឱ្យលឿនជាងមុន។ នេះនឹងដកសម្ពាធពីប្រព័ន្ធថែទាំសុខភាព ដោយជួយអោយប្រជាជនវិលត្រឡប់ទៅរកជីវិតធម្មតារបស់ពួកគេ និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ”។

កាលពីខែមុន មន្រ្តីសុខាភិបាលបាននិយាយថា ក្រុមហ៊ុន AstraZeneca បានស្នើសុំពន្យាពេលការផ្តល់ការបញ្ជាទិញចំនួន ៦១ លានដូសនេះ ដល់ខែឧសភា ឆ្នាំ ២០២២ ។ ដោយឡែក ព័ត៌មានដែលថា ដូសនឹងមកដល់ឆាប់ជាងការរំពឹងទុក នោះកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot, លោក Anucha Burapachaisri បានបញ្ជាក់។

ស្របពេលជាមួយគ្នានេះ លោក Anucha Burapachaisri បានបន្ថែមថា ប្រទេសថៃនឹងទិញវ៉ាក់សាំង AstraZeneca ចំនួន ៦០ លានដូស បន្ថែមទៀតនៅឆ្នាំក្រោយ។

គួររំលឹកថា ក្រៅពីទិញវ៉ាក់សាំង AstraZeneca បន្ថែម ថៃក៏មានគម្រោងទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន ៥០ លានដូស នៅឆ្នាំ ២០២២ នេះបើយោងតាមក្រសួងសុខាភិបាល។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ