បរទេស៖ រដ្ឋអាជ្ញាបានប្រាប់ទូរទស្សន៍ Vijesti TV បន្ទាប់ពីការស៊ើបអង្កេតបឋមពីកន្លែងកើតហេតុឧក្រិដ្ឋកម្ម អោយដឹងថា មានមនុស្ស ១១ នាក់ រួមទាំងកុមារ ២ នាក់ និងខ្មាន់កាំភ្លើងម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅម៉ុងតេណេហ្គ្រោ (Montenegro) កាលពីថ្ងៃសុក្រ ហើយមនុស្ស ៦ នាក់ផ្សេងទៀត រងរបួស។
ជាក់ស្តែង លោក Andrijana Nastic រដ្ឋអាជ្ញាបានប្រាប់ទូរទស្សន៍ Vijesti TV ថា "នៅពេលដែលយើងទៅដល់កន្លែងកើតហេតុ យើងបានឃើញសាកសពមនុស្ស ៩ នាក់ រួមទាំងកុមារ ២ នាក់ ហើយ ២ នាក់ទៀត បានស្លាប់នៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យ" ។
លោក Andrijana Nastic មិនបាននិយាយថាតើកុមារដែលត្រូវបានគេសម្លាប់នោះមានអាយុប៉ុន្មានទេ ហើយក៏មិនអាចបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងអត្តសញ្ញាណជនរងគ្រោះបានដែរ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មុននេះថា ប៉ូលិសម្នាក់បានស្ថិតក្នុងចំណោមអ្នករងរបួស។
ជាងនេះទៅទៀត លោក Andrijana Nastic បានបន្ថែមថា "ខ្ញុំគ្រាន់តែអាចនិយាយបានថា អ្នកបាញ់ប្រហារត្រូវបានសម្លាប់ដោយប្រជាពលរដ្ឋ (ជនស៊ីវិល)" ។
ជាមួយគ្នានេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់មកពី Cetinje បានបាញ់ប្រហារ នៅក្នុងបរិវេនជិតខាងរបស់ឧក្រិដ្ឋជនបន្ទាប់ពីមានជម្លោះក្នុងគ្រួសារ។
គួររំលឹកថា នាយករដ្ឋមន្ត្រីម៉ុងតេណេហ្គ្រោ លោក Dritan Abazovic បាននិយាយថា រយៈពេលកាន់ទុក្ខ ៣ថ្ងៃ នឹងត្រូវបានប្រកាសនៅក្នុងប្រទេសនេះ ចាប់ពីល្ងាចថ្ងៃសុក្រនេះទៅ។ NR