ភ្នំពេញ ៖ កម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (ធ្វើឱ្យខូចខាតដោយចេតនា និងចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់) លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) និងលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ