តៃវ៉ាន់ពិនិត្យរួចរាល់លើវ៉ាក់សាំង AstraZeneca ដោយការចាក់ថ្នាំបង្ការរោគ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ
TAIPEI ៖ តៃវ៉ាន់បានបញ្ចប់ការត្រួតពិនិត្យលើវ៉ាក់សាំងកូវីត១៩ របស់ក្រុមហ៊ុន AstraZeneca Plc លើកដំបូងរបស់ខ្លួន ហើយការចាក់វ៉ាក់សាំងដំបូងអាចចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃច័ន្ទ។ នេះបើយោងតាមសំដីរបស់មន្ត្រីក្រសួងសុខាភិបាលលោក Chen Shih-chung ។
វ៉ាក់សាំងដំបូងបង្អស់របស់កោះតៃវ៉ាន់ ថ្នាំបង្ការចំនួន ១១៧.០០០ ដូស របស់ក្រុមហ៊ុន AstraZeneca បានមកដល់កោះនេះហើយកាលពីដើមខែនេះ ទោះបីពួកគេមិនទាន់ចាប់ផ្តើមប្រើក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូកាលពីល្ងាចថ្ងៃពុធ លោក Chen បាននិយាយថា វ៉ាក់សាំងដែលបានមកពីរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូង ឥឡូវនេះបានត្រួតពិនិត្យចុងក្រោយដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់រួចរាល់ហើយ។ លោកបានបន្ថែមថា គោលបំណងគឺ ដើម្បីចាប់ផ្តើមផែនការរបស់ពួកគេចាប់ពីព្រឹកថ្ងៃច័ន្ទ។ លោក Chen បន្ថែមថា មនុស្សប្រហែល ៦០.០០០ នាក់ស្ថិតនៅក្នុងដំណាក់កាលដំបូងដើម្បីទទួលការចាក់វ៉ាក់សាំង។
គួររំលឹកផងដែរថា បណ្តាប្រទេសអ៊ឺរ៉ុបជាង ១០ បានផ្អាកការប្រើប្រាស់វ៉ាក់សាំងនៅសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ទោះបីជាអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាត់ទុកថាអត្ថប្រយោជន៍របស់វាមានច្រើនជាងហានិភ័យ និងផ្តល់អនុសាសន៍ថា ការចាក់វ៉ាក់សាំងគួរតែបន្ត។