ស៊ីរី៖ មន្រ្តីស៊ីរីបាននិយាយថា ការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ (Sinopharm) របស់ប្រទេសចិន ចំនួន ១៥០,០០០ ដូស បានទៅដល់ក្រុង Damascus កាលពីថ្ងៃសៅរ៍។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Hassan Ghabash បានប្រាប់អ្នកយកព័ត៌មានថា “យើងពេញចិត្តចំពោះជំនួយនេះដែលនឹងអនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ទប់ស្កាត់ផលប៉ះពាល់របស់វាទៅលើសុខភាពសង្គម និងសេដ្ឋកិច្ច” ។ លោកបានបន្ថែមថា ថ្នាំបង្ការទាំងនេះនឹងត្រូវផ្តល់ជូនដល់បុគ្គលិកសុខាភិបាលជាមុនសិន បន្ទាប់មកទៅមនុស្សចាស់ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។

ម្យ៉ាងវិញទៀត ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស៊ីរីបាននិយាយថា វ៉ាក់សាំងចំនួន ១៥០.០០០ ដូសបន្ទាប់នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ក្រុមមន្រ្តីបាននិយាយថា ប្រទេសនេះកំពុងពិភាក្សាអំពីវ៉ាក់សាំងជាមួយប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសណាមួយអំពីវ៉ាក់សាំងពីទីក្រុងម៉ូស្គូទេ។

មន្រ្តីអង្គការសហប្រជាជាតិក៏បាននិយាយថា នៅសប្តាហ៍នេះ ក្រុង Damascus បានទទួលវ៉ាក់សាំងកូវីដ១៩ ដំបូងពីគំនិតផ្តួចផ្តើម COVAX សកល ចំនួនជិត ២ សែនដូសនៃថ្នាំ AstraZeneca ។ ការចែកចាយកាន់តែច្រើនត្រូវបានគេរំពឹងថានឹងកើតមាននៅសប្តាហ៍ខាងមុខនេះ។

តួយ៉ាង អង្គការសុខភាពពិភពលោកបានដាក់ពង្រាយក្រុមនៅទូទាំងប្រទេសស៊ីរី សម្រាប់កម្មវិធីចាក់វ៉ាក់សាំង ដែលនឹងត្រូវដាក់ចេញទាំងនៅលើទឹកដីរដ្ឋាភិបាល និងផ្នែកខ្លះនៃប្រទេសនៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋ បន្ទាប់ពីមានសង្គ្រាមអស់រយៈពេលដប់ឆ្នាំ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ