(វៀតណាម)៖នាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្កើតក្រុមមួយ ដែលរួមមានក្រសួង និងអាជ្ញាធរមូលដ្ឋានមួយចំនួន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Le Van Thanh ដើម្បីពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់អាកាសយានដ្ឋាន Bien Hoa នៅភាគខាងត្បូង Dong Nai និងព្រលានយន្តហោះ Thanh Son នៅកណ្តាល Ninh Thuan សម្រាប់ ទាំងគោលបំណងយោធា និងស៊ីវិល។ សំណើលើបញ្ហានេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់មុនខែកញ្ញា។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
សំណើប្រើប្រាស់អាកាសយានដ្ឋាន Bien Hoa និង Thanh Son សម្រាប់គោលបំណងស៊ីវិលបានធ្វើឡើងនាពេលកន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ជាពិសេសសម្រាប់តំបន់ Ninh Thuan ដែលបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម។
គួរបញ្ជាក់ថា អាកាសយានដ្ឋានទាំងពីរត្រូវបានសាងសង់មុនឆ្នាំ ១៩៧៥ ហើយត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាជាច្រើនឆ្នាំ។ Dong Nai និង Ninh Thuan មិនមានអាកាសយានដ្ឋានស៊ីវិលទេ ខណៈអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលកំពុងសាងសង់នៅទីក្រុង Dong Nai គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៥៕PP