(ឥណ្ឌា)៖ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានព្រមានកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាកំពុងក្តៅខ្លាំងពេក ដែលបង្កើនហានិភ័យនៃអគ្គីភ័យ ។នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២៨ មេសា។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បញ្ជាក់ថា៖ «សីតុណ្ហភាពកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រទេស ហើយកើនឡើងលឿនជាងធម្មតា»។ លោកបន្តថា «យើងកំពុងឃើញការកើនឡើងនៃឧប្បត្តិហេតុនៃអគ្គីភ័យនៅកន្លែងផ្សេងៗគ្នា នៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ»។
កម្តៅខ្លាំងបានបោកបក់ពាសពេញតំបន់ធំៗនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងសប្តាហ៍នេះ ហើយបន្ទាប់ពីខែមីនាដែលក្តៅបំផុតចាប់តាំងពី នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានចាប់ផ្តើមរក្សាកំណត់ត្រាកាលពី១២២ឆ្នាំមុន។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សជាងមួយពាន់លាននាក់ប្រឈម នឹងហានិភ័យនៃផលប៉ះពាល់សុខភាពទាក់ទងនឹងកំដៅ។ដោយឡែកនៅរដ្ឋធានីញូវដែលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តអូសបន្លាយប្រហែល ៤៤អង្សារសេរហូតដល់ថ្ងៃអាទិត្យ៕PP