សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកសកម្មភាពរបស់អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើសេចក្តីសម្រេច ផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយហេតុផលថា អង្គការមួយនេះបានធ្វើសកម្មភាពផ្ទុយនឹងប្រការ៨នៃ លក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជាពបានបំពេញតាមការកំណត់ក្នុងបទប្បញ្ញាតិមាត្រា១០ និងមាត្រា២៥នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើឱ្យមានការយល់ច្រឡំជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។
ទន្ទឹមនឹងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណី និងអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់របាយការណ៍សរុបសកម្មភាពការងារនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧ ២០១៨ និង២០១៩ ជូនមកក្រសួងមហាផ្ទៃរយៈពេលយូរបំផុត៣០ថ្ងៃ នៃថ្ងៃធ្វើការ។
ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៕SP