រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំ រដ្ឋបាល ក្រុង-ស្រុក ត្រូវរៀបចំកំណត់និមិត្តសញ្ញារបស់ខ្លួនឲ្យរួចរាល់ត្រឹមឆ្នាំ២០២០
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវជំរុញការសិក្សារៀបចំ និងកំណត់និមិត្ត សញ្ញារបស់ខ្លួនឲ្យបានរួចរាល់ យ៉ាងយូរត្រឹមដំណាច់ ឆ្នាំ២០២០ នេះ។
យោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹង ថា សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្ត អាចប្រើប្រាស់ក្រុមការងារ ដែលបាន បង្កើតឡើងនាពេលកន្លងមក ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា របស់ រដ្ឋបាល រាជធានី-ខេត្ត ឬបង្កើតក្រុមការងារមួយដឹកនាំដោយអភិបាលរងខេត្ត ១រូប ជាប្រធាន និងមាន ការចូលរួមពីមន្ទីរ អង្គភាពជំនាញដែលមានការពាក់ព័ន្ធ និងអង្គភាពចំណុះ សាលា រាជធានី-ខេត្ត ជាសមាជិក ដើម្បីជួយគាំទ្រដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំកំណត់និមិត្តសញ្ញារបស់ខ្លួន។
សម្ដេចបន្ដថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ឲ្យរៀបចំក្រុមការងារ ដើម្បីសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារបស់ខ្លួន ដូចខាង ក្រោម៖
ទី១-ចំពោះរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបង្កើតក្រុមការងារ ដែលមានសមាសភាពអភិបាល ក្រុង ស្រុក ខណ្ឌ ជាប្រធាន អភិបាលរងក្រុង ស្រុក ខណ្ឌ ១រូប ជាអនុប្រធាន នាយករដ្ឋបាល សាលាក្រុង ស្រុក ខណ្ឌ និងការិយាល័យ ឬអង្គភាពចំណុះពាក់ព័ន្ធមួយចំនួនជាសមាជិក។
ទី២-ចំពោះរដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើតក្រុមការងារដែលមានសមាសភាពមេឃុំ ចៅសង្កាត់ ជាប្រធានជំទប់ទី១ ចៅសង្កាត់រងទី១ ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួន ព្រមទាំងស្មៀនឃុំ សង្កាត់ ជាសមាជិក។
និងទី៣-រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវជំរុញការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារបស់ខ្លួនឲ្យបានរួចរាល់ យ៉ាងយូរត្រឹមដំណាច់ ឆ្នាំ២០២០នេះ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ក្នុងដំណើរការសិក្សារៀបចំ និងកំណ ត់និមិត្តសញ្ញារបស់ខ្លួន រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវផ្អែកលើគោល ការណ៍ មួយចំនួន ដូចជា ត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃការកកើត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អត្តសញ្ញាណជាប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងកត្តាសំខាន់ដទៃផ្សេង ទៀត ដែលជាលក្ខណៈពិសេសនៃរដ្ឋបាល នីមួយៗ៕E B