រដ្ឋមន្ដ្រីការពារជាតិ បន្តអំពាវនាវឲ្យពលរដ្ឋខ្មែរ អត់ធ្មត់ និងអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ កូវីដ-១៩
ភ្នំពេញ ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យ ប្រជា ពលរដ្ឋ បន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះវិធានការនានា ជាពិសេសបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា ពិតហើយថា វត្តមាននៃមេរោគ កូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
សម្ដេចបន្ដថា «សូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើង សម្រាប់យើងទាំងអស់គ្នា» ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុបកើនដល់ ១១៩នាក់ ខណៈនៅសល់អ្នកកំពុងសម្រាកព្យាបាលបន្ត ត្រឹមតែ ៣នាក់ប៉ុណ្ណោះ ខណៈអ្នកឆ្លងសរុបនៅកម្ពុជា មានចំនួន១២២នាក់ ផងដែរ៕ E B