ក្រសួងសុខាភិបាលកម្ពុជា ៖ រហូត មកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់មានស្ដង់ដារណាមួយ ដែលអាចព្យាបាល កូវីដ១៩ ជាសះស្បើយបានឡើយ
ភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) មិនទាន់មានស្ដង់ដារណាមួយ ដែលអាច ព្យលបាលជំងឺកូវីដ១៩ អាចជាសះស្បើយបាននៅឡើយទេ ។
ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០លោកម៉ម ប៊ុនហេង បានថ្លែងថា “យើងត្រូវគិតថា អង្គការសុខភាព ពិភពលោក(WHO) មិនឲ្យមានស្ដង់ដារ ការពារព្យាបាលណាមួយ ដែលថាជាទេ! ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន កុំអាងទៅ កុំអាងទៅពេទ្យ ថា ឃើញទៅពេទ្យថាជា ប៉ុន្មាន៦០ទៅ៧០%ហើយ មិនមែនទេ!ដូច្នេះគ្មានស្ដង់ដារណាមួយ ដែលអនុម័តដោយ អង្គការសុខភាពពិភពលោក ពីការព្យាបាលឲ្យជានោះទេ”។
ក្នុងឱកាសនោះដែរលោកក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគោរពតាមវិធាននានា របស់រាជរដ្ឋាភិបាល និងធ្វើអនាម័យឲ្យបានល្អ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា “ក្រសួងសុខាភិបាល ខ្ញុំធ្វើការអំពាវនាវ និងក្រើនរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកការ ផ្លាស់ប្ដូរឥរិយាបថ ឬទំលាប់របស់ខ្លួនជាប្រចាំ នៅក្នុងដំណាក់កាល ដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញ ក្នុងចំណោមភាគច្រើនលើសលុប ជាជនបរទេស និងជនមកពីក្រៅ ពីក្រៅប្រទេស ជាបន្តបន្ទាប់ ត្រូវអនុវត្តដាក់ ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បុគ្គលចំណាក់ស្រុក ដែលបានវិលត្រឡប់មកផ្ទះសម្បែង ឬ បានចូលមកក្នុងប្រទេស ហើយសំខាន់បំផុតនោះ គឺដើម្បីសុខភាពយើងទាំអស់គ្នា ចៀសផុតពីការចម្លងកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែខិតខំអនុវត្តន៍ តាមការណែនាំ និងបញ្ជាប្រកបដោយគិតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំផ្សេងៗទៀតរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាទីបំផុត” ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋ មិនបានអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំផ្សេងៗ ដែលក្រសួងសុខាភិបាល បានដាក់ចេញ ថ្មីៗនេះនោះទេ កម្ពុជានឹងប្រឈម ពីការរីករាលដាលខ្លាំង វាយលុកពីកូវីដ១៩(ចម្លងចូលក្នុងសហគមន៍)។
លោក រដ្ឋមន្រ្តីបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មាន ស្រ្តីមានផ្ទៃពោះណាម្នាក់ ឆ្លងជំងឺកូវីដ១៩នោះទេ។
លោកបន្ថែមថា “ស្រ្តីមានផ្ទៃពោះ គឺជាក្រុមមនុស្ស ដែលអាចរងគ្រោះដែរ ដូច្នេះត្រូវតែប្រុងប្រយ័ត្ន អំពីបញ្ហានេះ ហើយមកដល់ពេលនេះ យើងអត់ទាន់ មានអ្នកដែលមានផ្ទៃពោះណាម្នាក់ ផ្ទុកកូវីដ១៩នោះទេ មកដល់ពេលនេះ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ន”។
ទាក់ទងជាមួយក្រុមគ្រូពេទ្យ សម្រាប់ព្យាលបាលអ្នកផ្ទុកជំងឺកូវីដ១៩នេះវិញ លោកបញ្ជាក់ថា ក្រសួង បានត្រៀមក្រុមពេទ្យទុកចំនួនជាង៦០០នាក់។
លោកបន្ថែមថា “យើងត្រៀមក្រុមគ្រូពេទ្យជំនាញ ព្យាបាលជំងឺកូវីដ១៩នេះ ចំនួន៦៧០នាក់ ដែលយើងត្រៀមធ្វើការងារ ព្យាលបាលកូវីដ១៩នេះ ជាប្រចាំ ខ្ញុំយល់ថា យើងអាចឆ្លើយតបនឹងតម្រូវការរបស់យើង ហើយយើងនឹងពង្រីកជាបន្តបន្ទាប់ ប្រសិនបើមានការងារនេះធ្ងន់ ព្រោះយើងបានធ្វើការ បណ្ដុះបណ្ដាលរួចហើយ ចំពោះឧបករណ៍ការប្រើប្រាស់ យើងលក្ខណៈជាស្រេច ដើម្បីផ្ដល់ជូនដល់ក្រុមគ្រូពេទ្យរបស់យើង”។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈព្យាបាលជាសះស្បើយ មានចំនួនកើនដល់ ៧៧នាក់ផងដែរ ៕
ដោយ ៖ E B