ភ្នំពេញ ៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានបរិច្ចាគថវិកា ប្រចាំឆ្នាំ២០២០ ចំនួន ៧៧ ៤៤០ ០០០ រៀល និង១២០ ដុល្លារអាមេរិក ដែលទទួលបានពីសមាជិកគាំទ្រ ចំនួន ១ ២៤៦ នាក់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០ ២០ បានឲ្យដឹងថា លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណចំពោះ ការចូលរួមបរិច្ចាគពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស គឺទឹកចិត្តខ្មែរជួយខ្មែរ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជា។
លោកបន្ដថា ទាំងនេះជាកាយវិការគួរឲ្យគោរព និងកោតសរសើរ ទោះបីជាក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែមមារញឹក ក្នុងការប្រយុទ្ធនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ មិនបោះបង់កុមារកម្ពុជាចោលឡើយ ពោលគឺពួកគាត់នៅ តែបន្តបរិច្ចាគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព កុមាររាប់លាននាក់នៅកម្ពុជា។
ចំណែក ឧត្តមសេនីយ៍ឯក សោម សាទុម មេបញ្ជាការរង កងទ័ពជើងអាកាស រីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រ ដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន សម្រាប់ឆ្នាំក្រោយៗទៀត៕ E B