មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងប្រុសម្នាក់ ក្រោយមានស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរលាកសួតសងខាង វិវត្តជាដំបៅខ្ទុះធ្លុះធ្លាយសួតស្មុគស្មាញបំផុត រហូតជាសះស្បើយ
ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជីវិត ក្មេងប្រុស អាយុ ១២ ខែ ម្នាក់ មកពីខេត្តកណ្ដាល ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដង្ហើមចុងក្រោយ មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត រហូតជាសះស្បើយ សុខភាពល្អ។
នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់ អាយុ ១២ ខែ មកពីខេត្តកណ្ដាល យកមកមន្ទីរពេទ្យគន្ធបុប្ផានាដង្ហើមចុងក្រោយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A រួមគ្នាវាយប្រហារសួតគាត់។
ផេកហ្វេសប៊ុក ដដែល បន្ថែមថា ក្មេងប្រុសខាងលើ ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល ៦៤ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងត្រូវបានធ្វើការវះកាត់យកក្លែបសួតស្អុយរលួយចំនួន ២ លើក ហើយថ្ងៃនេះបានជាសះស្បើយ និងមានសុខភាពល្អ។
ផេកហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ដែរថា ជំងឺរលាកសួតធ្ងន់ធ្ងរ អាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុសមួយចំនួន។ ជួនកាល ក៏មានពួកបាក់តេរី និងវីរុសរួមគ្នា វាយប្រហារប្រព័ន្ធដង្ហើមក្នុងពេលតែមួយផងដែរ។
គួរជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕EB