ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យគន្ធបុប្ជា ធ្វើការព្យាបាលទារកម្នាក់ មកពីខេត្តបាត់ដំបងដែលមានដៃ៤ ជើង៤ បានដោយជោគជ័យ
បាត់ដំបង៖ ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤)
ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ សម្រាប់ការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ ហើយការវះកាត់លើកទី២គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ។
ក្នុងនោះសម្រាប់ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់យើង ៣ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ។រាល់ការព្យាបាលទាំងអស់គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណសប្បុរសជនគ្រប់ៗរូបដែលតែងតែគាំទ្រដល់ការដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕