ភ្នំពេញ ៖ កាលពីខែឧសភា ឆ្នាំ ២០២០នេះ មានកុមារនិងស្ត្រីមានផ្ទៃពោះជាង៥ម៉ឺននាក់ បានទៅពិនិត្យព្យាបាលជំងឺនិងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។
យោងតាមរបាយការណ៍តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលចេញផ្សាយក្នុងទំព័រហ្វេកប៊ុករបស់លោក Dr. Beat Richner កាលពីថ្ងៃទី៣១ ឧសភានេះ បង្ហាញថា ក្នុងខែឧសភាកន្លងទៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារឈឺមានចំនួន ៣២,០០៤នាក់,កុមារដែលមានជំងឺធ្ងន់ៗ មានចំនួន ៧,៩៣៦នាក់ និងកុមារចំនួន ១៣៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
បើតាមរបាយការណ៍ខាងលើ កុមារចំនួន ១,៧៣៩នាក់ ត្រូវបានវះកាត់ និងកុមារចំនួន ៦៨នាក់ផ្សេងទៀត ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។ ចំណែកស្ត្រីមានផ្ទៃពោះវិញ មានចំនួន ១០,២៤០នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនមានចំនួន ១,៦៨៩នាក់។ សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ៕ EB