ពលរដ្ឋឥណ្ឌា នៅតែបន្តមុជទឹកទន្លេគង្គា ទោះបីសពអ្នកស្លាប់ដោយសារកូវីដ១៩ អណ្តែតស្អុយរលួយពេញទន្លេរាល់ថ្ងៃ
បរទេស៖ សពជនរងគ្រោះដោយសារជំងឺកូវីដ-១៩រាប់រយនាក់ នៅតែបន្តអណ្តែតពាសពេញទន្លេគង្គា ក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះ កំពុងតស៊ូជាមួយចំនួនអ្នកស្លាប់ដែលស្ថិតក្នុងកម្រិតកំណត់ត្រា។
ប្រជាពលរដ្ឋមកពីទីប្រជុំជននានានៅតាមដងទន្លេប្រវែង២,៥២៥គីឡូម៉ែត្រមួយនេះ និយាយថា សាកសពថ្មីៗរាប់សិបនាក់ បានអណ្តែតជារៀងរាល់ថ្ងៃ ហើយពួកគេបន្ថែមថា ព្រឹត្តិការណ៍បែបនេះគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩របស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការឆ្ងាយណាស់។នេះបើយោងតាមការចុះផ្សាយដោយ Daily Mail។
ប្រទេសឥណ្ឌា បាននិងកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយ ហើយថ្វីបើចំនួនករណីឆ្លងចាប់ផ្តើមថយចុះក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងប្រឈមនឹងករណីស្លាប់ក្នុងកម្រិតកំណត់ត្រាជាបន្តបន្ទាប់។ ឥឡូវនេះ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាមសាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែនិងបក្សីស៊ីសាកសពជាអាហារ។ រូបភាពដ៏អាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa។នៅថ្ងៃបន្ទាប់ក្នុងភូមិ Gahmar ដែលមានចម្ងាយជាង៩គីឡូម៉ែត្រពីទីនោះ សាកសពស្អុយរលួយជាច្រើនទៀតក៏ត្រូវបានអ្នកភូមិប្រទះឃើញផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណីដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់២៨៧,១២២នាក់៕