វិបសាយបង្រៀនមិនគិតថ្លៃ បង្កើតឡើងដោយ លោក Shal Khan ជនជាតិឥណ្ឌាដែលមានបកប្រែជា ៣២ភាសា ឥឡូវក៏មានជាភាសាខ្មែរ និងដំណើរការជាផ្លូវការផងដែរ
Khan Academy ជាវិបសាយបង្រៀនឥតគិតថ្លៃ ដែលបានបកប្រែទៅជា៣២ភាសាខុសៗគ្នា និងបានដាក់បញ្ចូលទៅក្នុងវិបសាយ ដែលរៀបឡើងដោយក្រុមអ្នកស្ម័គ្រចិត្តជាច្រើន។ ហើយកន្លងទៅ កាលពីខែកញ្ញា ឆ្នាំ២០២០នោះ khan academy បានប្រកាសថា ខ្លួនក៏មានជាភាសាខ្មែរ និងមានវត្តមានលើវិបសាយជាផ្លូវការផងដែរ។ វិបសាយមួយនេះលេចរូបរាងបាន ក៏ដោយសារការខិតខំ និងកិច្ចសហការដោយក្រសួងអប់រំ យុវជន និងកីឡា អ្នកបកប្រែ សាស្ត្រាចារ្យគណិតវិទ្យា អ្នកកែសម្រួលនិងម្ចាស់ជំនួយជប៉ុន ជាដើម។
គេហទំព័រ khan academy គឺជាទម្រង់សាលារៀនអនឡាញ និងជាអង្គការមិនស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំកម្រិតពិភពលោកឥតគិតថ្លៃ បង្កើតឡើងនៅឆ្នាំ ២០០៨ ដោយស្ថាបនិកលោក Shal Khan ជនជាតិឥណ្ឌា។
សព្វថ្ងៃមានអ្នកចុះឈ្មោះរៀនចំនួន ១២០ លានគណនី និងមានសិស្សកំពុងរៀនចន្លោះពី ២០ ទៅ ៣០ លាននាក់ជាប្រចាំខែ និងមានវីដេអូបង្រៀនច្រើនជាង ២០០ លានម៉ោង ព្រមទាំងមានការប្រគល់វិញ្ញាបនប័ត្រដល់សិស្សណាដែលបានបញ្ចប់វគ្គការសិក្សានីមួយៗ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ក៏ទើបនឹងបានបរិច្ចាគជាសាច់ប្រាក់ ៥ លានដុល្លារអាមេរិក ជួយដល់គេហទំព័រ khan academy ឲ្យបន្តនៅឈរជើងជាវិបសាយផ្តល់ជូនមិនគិតថ្លៃ៕