មីយ៉ាន់ម៉ា៖ យោងតាមរបាយការណ៍ ពីអង្គការសង្គ្រោះកុមារបានឲ្យដឹងថា កុមារយ៉ាងហោច ៤៣នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

អង្គការសិទ្ធិមនុស្សមួយនេះបាននិយាយថា សហភាពមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុត ក្នុងនោះជនរងគ្រោះដោយសារការសម្លាប់របស់យោធា មានអាយុត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។ ពួកគេបានរាយការណ៍ផងដែរថា មនុស្សស្លាប់ដោយសាររដ្ឋប្រហារ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ៥៣៦នាក់ ខណៈនោះដែរ មេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ចេញពីអំណាច លោកស្រី អ៊ុងសាន ស៊ូជី បានរងការចោទប្រកាន់ពីបទ បំពានច្បាប់ការសម្ងាត់ផ្លូវការសហភាពមីយ៉ាន់ម៉ា ហើយលោកស្រីប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ បើសិនជាលោកស្រីត្រូវបានចោទប្រកាន់ហើយនោះ ។

លោកស្រី ស៊ូជី ជាមួយនឹងសម្ព័ន្ធមិត្ត ៤នាក់ទៀតរបស់លោកស្រីត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុន។ ការចោទប្រកាន់ថ្មីមកលើលោកស្រី ស៊ូជី នេះបន្ថែមពីលើការចោទប្រកាន់កាលពីមុន ពីបទបំពានការនាំចូលដោយខុសច្បាប់វិទ្យុទាក់ទង ការបំពានច្បាប់រឹតត្បិតជំងឺ Covid-19 អំឡុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន និងការចុះផ្សាយព័ត៌មានដែលអាចបណ្ដាលឲ្យមានការភ័យខ្លាច ឬភិតភ័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ