ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល! ក្រោយពីក្រុមហ៊ុន Neuralink របស់ Elon Musk យកបន្ទះឈីប ដាក់ចូលក្នុងខួរក្បាលសត្វស្វា ពេលនេះស្វាអាចលេងវីដេអូហ្គេមបានដោយប្រើប្រាស់ការគិតរបស់វាផ្ទាល់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថាបុរសខ្លាំងល្បីខាងបច្ចេកវិទ្យា Elon Musk បានធ្វើតេស្ដសាកល្បងម្ដងទៀតទៅលើគម្រោង Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយផ្ដោតលើការបង្កើតទំនាក់ទំនង មនុស្ស និងម៉ាស៊ីនកុំព្យូទ័រ។ ដោយម្ដងនេះអ្នកជំនាញ Elon Musk បានដាក់បន្ទះឈីបមួយចូលទៅក្នុងខួរក្បាលរបស់សត្វស្វា ហើយពេលនេះ ស្វានោះអាចលេងវិដេអូហ្គេមបានដោយប្រើប្រាស់ការគិតរបស់វាផ្ទាល់។ លោកបានលើកឡើងថា “អ្វីដែលយើងព្យាយាមស្វែងយល់ពីដំណើរការសាកល្បងនេះគឺ ថាតើសត្វស្វានោះអាចលេងហ្គេមដោយប្រើការគិតរបស់វាបានដែលឬទេ ដោយឆ្លើយតបនឹងដៃគូម្ខាងទៀត នៅក្នុងហ្គេមមួយដែលមានឈ្មោះថា Pong។ ហើយអ្វីដែលយើងទទួលបានគឺ វាពិតជាអស្ចារ្យ។”
នៅក្នុងសារមួយដែលបង្ហោះនៅក្នុងបណ្ដាញសង្គម Twitterរបស់ Elon Musk បានសរសេរថា “Neuralink គឺកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឲ្យប្រាកដថាវាមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់ ហើយពួកយើងបានធ្វើការយ៉ាងជិតស្និតជាមួយ FDA (Food and Drug Administration)។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការល្អ នោះពួកយើងនឹងចាប់ផ្ដើមសាកល្បងទៅលើមនុស្សនៅចុងឆ្នាំនេះ។”
សូមបញ្ជាក់ថា បើទោះបីជា ក្រុមហ៊ុន Neuralink ពុំទាន់បានបង្ហាញព័ត៌មានផ្លូវការរបស់ខ្លួនជុំវិញរឿងស្វាអាចលេងវីដេអូហ្គេមបានក្រោយយកបន្ទះឈីបដាក់ចូលក្នុងខួរក្បាលសត្វស្វាយ៉ាងណាក្តី តែគេបានដឹងយ៉ាងច្បាស់ថា លោក Elon Musk គឺតែងចូលចិត្ត ធ្វើអ្វីប្លែកៗ ពិសេសរឿងវិទ្យសាស្ត្រនេះឯង ។
តាមប្រភព Business Insider ដដែល ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញបានបន្ថែមទៀតថា នាយកប្រតិបត្ដិ Tesla មហាសេដ្ឋី Elon Musk គ្រោងនឹងដាក់ឲ្យធ្វើការសាកល្បងដាក់បន្ទះឈីបនេះ ទៅក្នុងខួរក្បាលរបស់មនុស្សនៅមុនដំណាច់ឆ្នាំ២០២១នេះ។ តាមពិតទៅ Elon Musk បានទុកពេលឲ្យអ្នកដែលចង់សាកល្បងប្រើប្រាស់នូវផលិតផលថ្មីមួយនេះ ដែលបង្កើតឡើងជាពិសេសសម្រាប់បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ AI (Artificial Intelligence) ចូលទៅក្នុងខួរក្បាលមនុស្ស ដែលមានសមត្ថភាពនៅក្នុងការព្យាបាលជំងឺសរសៃប្រសាទដូចជា Alzheimer's and Parkinson's ជាដើម។
គួររំលឹកថា Neuralink ធ្លាប់បានធ្វើតេស្ដទៅលើការសិក្សាពីភ្ជាប់ទំនាក់ទំនងគ្នានៃណឺរ៉ូនរបស់សត្វជាច្រើនឆ្នាំមកហើយ ហើយវីដេអូចុងក្រោយដែល Neuralink បានបង្ហោះកាលពីឆ្នាំទៅ គឺបានសាកល្បងដាក់បន្ទះឈីបទៅក្នុងខួរក្បាលរបស់សត្វជ្រូកមួយក្បាលដែលមានឈ្មោះថា Gertrude។