វេជ្ជបណ្ឌិតក្នុងប្រទេសឥណ្ឌាកំពុងព្រមានប្រឆាំងទៅនឹងការលាបលាមកគោដើម្បី ការពារជម្ងឺកូវីដ ១៩
បរទេស៖ វេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌាកំពុងព្រមានប្រឆាំងទៅនឹងការលាបលាមកគោដោយជឿជាក់ថាវានឹង ការពារជម្ងឺកូវីដ ១៩។ តែការពិត មិនមានភស្តុតាងវិទ្យាសាស្ត្រឬ ប្រសិទ្ធភាពរបស់វាទេមានតែហានិភ័យក្នុងការបង្កជំងឺផ្សេងៗប៉ុណ្ណោះ ។ នេះបើយោងតាមការចុះផ្សាយដោយ Reuter។
នៅក្នុងរដ្ឋហ្គូចានៅភាគខាងលិចនៃប្រទេសឥណ្ឌា មានអ្នកជំនឿខ្លះបានទៅជំរំសត្វគោម្តងក្នុងមួយសប្តាហ៍ដើម្បីយកលាមក ព្រោះពួកគេជឿថាវានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជម្ងឺកូវីដ ១៩និងជួយឲ្យជាសះស្បើយផងដែរ។
នៅក្នុងហិណ្ឌូសាសនាគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើន ពូកគេបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ ព្រោះជឿថាវាមានអាចព្យាបាលនិងជាថ្នាំសំលាប់មេរោគផងដែរ។
វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការអនុវត្តវិធីព្យាបាលជំនួសសម្រាប់ការព្យាបាល ព្រោះវាអាចនាំឲ្យមានអារម្មណ៍ស្មុគស្មាញ និងប៉ះពាល់ដល់បញ្ហាសុខភាព។
វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌាបានមានប្រសាសន៍ថា“ មិនមានភ័ស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយដែលលាមកគោឬទឹកនោម អាចបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ ១៩ឡើយ គឺមានតែហានិភ័យក្នុងការបង្កជំងឺផ្សេងៗពីសត្វទៅមនុស្ស។
គួរបញ្ជាក់ថា ជម្ងឺកូវីដ១៩ បានឆ្លងរាលដាល ក្នុងប្រទេសឥណ្ឌាបើគិតមកទល់ពេលនេះ មានជាង ២០លានករណីនិង ២៤៦.១១៦ នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថាចំនួនជាក់ស្តែងអាចខ្ពស់ជាង ៥ ទៅ ១០ ដងហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែមន្ទីរពេទ្យ អុកស៊ីសែន និងថ្នាំសម្រាប់ព្យាបាល៕HR