ហានិភ័យកាន់តែខ្ពស់ហើយ! ថៃ និងវៀតណាម ជាប្រទេសក្បែខាងកម្ពុជា សុទ្ធតែរកឃើញវីរុសបំប្លែងខ្លួនថ្មីមានប្រភពពីប្រទេសឥណ្ឌា
(បរទេស)៖ ការពីថ្ងៃចន្ទ ទី១០ ខែឧសភាម្សិលមិញ ប្រទេសថៃក៏ត្រូវបានគេរាយការណ៍ ពីករណីរកឃើញវីរុសបម្លែងខ្លួនថ្មីរបស់ឥណ្ឌា។ បើយោងតាមប្រភពBangkok Post ប្រទេសថៃបានរកឃើញ វីរុសបម្លែងខ្លូនថ្មីនេះ នៅក្នុងស្ត្រីជនជាតិថៃនិងកូនប្រុសរបស់នាងដែលបានមកពីប្រទេសប៉ាគីស្ថាន។
CCSA បានចង្អុលបង្ហាញកាលពីព្រឹកថ្ងៃច័ន្ទក្នុងកំឡុងពេលធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាការចូលនឹងត្រូវហាមឃាត់ពីប្រទេសចំនួន ៣ បន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីករណីជាច្រើននៃវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា។
ក្នុងថ្ងៃជាមួយគ្នា នៅប្រទេសវៀតណាមក៏ត្រូវបានរាយការណ៍ពីការរកឃើញ វីរុសបម្លែងខ្លួនថ្មីរបស់ឥណ្ឌាដូចគ្នា។ អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាម បានរកឃើញវីរុកកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា បន្ទាប់ពីការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត។ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈសំណាកពីរទៀតគឺមកពីខេត្ត Hung Yen និង ៥ទៀតមកពីខេត្ត Thai Binh។ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុសបម្លែងខ្លួនថ្មី B.1.617.2។
ក្រុមអ្នកជំនាញជឿជាក់ថា វីរុស B.1.617.2 គឺងាយឆ្លងខ្លាំងណាស់ ហើយមានភាពធន់នឹងប្រសិទ្ធភាពរបស់វ៉ាក់សាំង ទោះមិនទាន់មានទិន្នន័យច្បាស់លាស់ក៏ដោយ។វីរុសបំប្លែងខ្លួននេះ កំពុងវាយប្រហារប្រទេសឥណ្ឌា ដែលនៅទីនោះ មានការឆ្លងរាប់ម៉ឺនករណីត្រូវបានប្រកាសជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកស្លាប់កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន។គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន វីរុសបំប្លែងខ្លួននេះ បានរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ប្រទេសទៅហើយនៅជុំវិញពិភពលោក ៕HR