ការឆ្លើយតបបន្ទាន់ភ្លាមៗពីបណ្ដាប្រទេសនៅអឺរ៉ុប ក្រោយនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស បានចេញបញ្ជាកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ឲ្យធ្វើការបិទទីក្រុងឡុងដុង និងតំបន់ភាគអាគ្នេយ៍ប្រទេសឡើងវិញ ដើម្បីការពារការរីករាលដាលឆ្លងវីរុសកូវីដ ១៩ ដែលបានប្រែរូបរាងថ្មី មានលក្ខណៈឆ្លងរហ័សសាហាវជាងមុន ។ នេះបើយោងតាមការចេញផ្សាញដោយសារព័ត៌មាន Daily Mail។ ​

តាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson បានបញ្ជាក់ថា វីរុសកូវីដ ១៩ រូបរាងថ្មីនេះ គឺ ងាយឆ្លងជាងវីរុសចាស់រហូតដល់ ៧០ភាគរយ ដែលធ្វើឲ្យប្រទេសខ្លួនមិនអាចគ្រប់គ្រងវាបាន ។ ភ្លាមៗនោះដែរ ក្រោយទទួលដំណឹងពី បណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនដូចជាប្រទេស ហូឡង់ បែលហ្ស៊ិក អុីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និង អៀរឡង់ បានធ្វើការសម្រេចចិត្តបិទជើងហោះហើរ និងមធ្យោបាយធ្វើដំណើរមួយចំនួនទៀតពីប្រទេសអង់គ្លេសចូលមកកាន់ប្រទេសខ្លួន ដើម្បីជាការការពារការរាលដាលឆ្លងនៃវីរុសថ្មីនេះ ។ ព្រមគ្នានោះដែរ ខាងអង្គការសុខភាពពិភពលោក ក៏បានធ្វើការព្រមានដល់បណ្ដាប្រទេសនៅអឺរ៉ុប ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការគ្រប់គ្រងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ។ តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ហានិភ័យនៃការរាលដាលឆ្លងនៃវីរុសរូបរាងថ្មីនេះគឺមិនមែនមានតែក្នុងប្រទេសអង់គ្លេសឡើយ ប៉ុន្តែវាក៏កើតមាននៅប្រទេសផ្សេងមួយចំនួនទៀតដែរ ដូចជានៅប្រទេសដាណឺម៉ាក និងអូទ្រីសជាដើម ។

គួរបញ្ជាក់ថា តាមទិន្នន័យប្រកាសដោយលោកនាយករដ្ឋមន្ត្រី នៅប្រទេសអង់គ្លេស មានអ្នកជំងឺជាង ១ ពាន់នាក់ហើយ ដែលបានឆ្លងវីរុសកូវីដ ១៩ រូបរាងថ្មីនេះ ដោយភាគច្រើនរកឃើញនៅទីក្រុងឡុងដុង និងភាគអាគ្នេយ៍ប្រទេស ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ