ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ខណៈសម្ដេចបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន អាចរក្សាទុកបានរយៈពេល ១ឆ្នាំទើបផុតកំណត់ ប៉ុន្តែអាស្ត្រាហ្សេនីកាវិញបានត្រឹម ៦ខែប៉ុណ្ណោះ ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា យោងទៅលើការសិក្សារបស់សម្ដេច នៅពេលដែលកម្ពុជា ទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា កាលពីល្ងាចថ្ងៃទី២ មីនា គឺមានប្រទេសតែ៥ប៉ុណ្ណោះ នៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងនេះ ។ សម្ដេចថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺកម្ពុជាជាប្រទេសទី១ ដែលទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា ក្រៅពីនោះមានតែបណ្ដាប្រទេស នៅអាហ្វ្រិកប៉ុណ្ណោះដែលទទួលបាន ។

សម្ដេចបន្តថា នៅពេលខាងមុខកម្ពុជា អាចមានលទ្ធភាពទទួលបានវ៉ាក់សាំង ពីអង្គការសុខាភាពពិភពលោក ដែលតាមគម្រោងដើមគឺផ្ដល់ ២០% នៃចំនួនប្រជាពលរដ្ឋ មានន័យថា កម្ពុជានឹងទទួលបានជាបន្តបន្ទាប់ នូវវ៉ាក់សាំងពីអង្គការសុខាភាពពិភពលោកចំនួន ៦លាន៤សែនដូន ដែលអាចចាក់ជូនពលរដ្ឋបាន ៣លាន២សែននាក់ ។

សម្ដេចបន្ថែមថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់ខ្លួនបានចំនួន ១២៥.៦៦៨នាក់ ។

សម្ដេចតេជោ ថ្លែងថា វ៉ាក់សាំងដែលមកដល់របស់ កូវ៉ាក់ជាង ៣២ម៉ឺនដូសនេះ គឺតម្រង់ឆ្ពោះទៅលើខេត្ត៣សំខាន់ ដោយខេត្តនោះកំពុងស្ថិតនៅក្នុងហានិភ័យ នៃការឆ្លងគឺទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ក្នុងនោះព្រះសីហនុ បានដឹកចេញទៅមុនគេទាំងវ៉ាក់សាំងស៊ីណូហ្វាម និងអាស្ត្រាហ្សេនីកា ។

សម្ដេចតេជោបញ្ជាក់ថា «គម្រោងចាក់លើកនេះ គឺមិនមែនជាការចាក់សម្រាប់តែមន្ត្រីនោះទេ ខ្ញុំសុំស្នើឲ្យក្រសួងសុខាភិបាល រៀបចំចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានដែលមានអាយុ ៦០ឆ្នាំឡើងលើ ចាក់ក្នុងភាពបន្ទាន់ ។ តាមការប៉ាន់ស្មានរបស់ខ្ញុំ យើងអាចប្រើប្រាស់ក្នុងរង្វង់ពី១០-១៣ម៉ឺននាក់ សម្រាប់ការចាក់នៅភ្នំពេញ មួយចំនួននៅខេត្តកណ្ដាល និងមួយចំនួនទៀត នៅព្រះសីហនុ ប៉ុន្តែត្រូវជ្រើសយកតែមនុស្ស មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ» ។

សម្ដេចបញ្ជាក់បន្ថែមថា «ម្យ៉ាងទៀតដោយសារតែ វ៉ាក់សាំងនេះត្រូវផុតសុពលភាព ត្រឹមថ្ងៃទី២៧ មិថុនា ឆ្នាំ២០២១ បញ្ជាក់ខ្ញុំមិនមែនគ្រូពេទ្យទេ ប៉ុន្តែយ៉ាងហោចណាស់ មុននឹងខ្ញុំមកនិយាយនៅកន្លែងនេះ ស៊ីណូហ្វាមមានរយៈពេល ១ឆ្នាំ ប៉ុន្តែអាស្ត្រាហ្សេនីកា មានរយៈពេលតែ ៦ខែប៉ុណ្ណោះ ។ ចឹងបើយោងទៅលើដបថ្នាំ បញ្ជាក់ថា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គឺហួសដឺឡេ ។ ដូច្នេះខ្ញុំសុំឲ្យមានការប្រញាប់ប្រញាល់ នៅក្នុងការចាក់វ៉ាក់សាំងនេះ ដែលឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសុំស្នើមកថា ប្រើពេល ៤សប្ដាហ៍» ។

ទាក់ទិនបញ្ហានេះសម្ដេចលើកឡើង ពីភាពខុសគ្នារវាងវ៉ាក់សាំងទាំង ២ប្រភេទនេះគឺវ៉ាក់សាំងអាស្ត្រាហ្សេនីកា ពីដូសទី១ ទៅកាន់ដូសទី២ មានរយៈពេល ៤សប្ដាហ៍ ៨សប្ដាហ៍ និង១២សប្ដាហ៍ ។ សម្ដេចថា សម្រាប់សម្ដេចជ្រើយក៨សប្ដាហ៍ ដែលថ្ងៃទី៤ មីនានេះចាក់ដូសទី១ និងចាក់ដូសទី២ នៅថ្ងៃទី២៩ ខែមេសា ។

សម្ដេចតេជោបន្តថា សម្រាប់ប្រជាពលរដ្ឋ ដោយសារតែត្រូវធ្វើការប្រញាប់ គឺអាចបន្ថយមកត្រឹមរយៈពេល៤អាទិត្យ ដើម្បីចាប់ផ្ដើចាក់ដូសទី២ នៅក្នុងក្របខណ្ឌ ៣រាជធានី-ខេត្តនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ