លោក អុីវ វាសនា ចែករំលែកចំណេះដឹងស្ដីពី បច្ចេកវិទ្យាព័ត៌មាន ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក
ព្រៃវែង ៖ លោក អ៊ីវ វាសនា អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកកំពង់ត្របែក តំណាងដ៏ខ្ពង់ខ្ពស់លោក ហោ សំអាត ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកកំពង់ត្របែក បានចែករំលែកចំណេះដឹងដោយសង្ខេបស្តីអំពី បច្ចេកវិទ្យាព័ត៌មាន ដើម្បីជាចំណេះដឹងបន្ថែមដល់ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ដែលចូលរួមសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ ផលអវិជ្ជមានគ្រោះថ្នាក់ និងបទល្មើសមួយចំនួនរបស់បច្ចេកវិទ្យា ដែលកំពុងតែមានការរីកចំរើន នាពេលបច្ចុប្បន្ន។
លោក អុីវ វាសនា បានចែករំលែកចំណេះដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិក-សមាជិកាក្រុមការងារអភិវឌ្ឍយុវជន អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សនុសិស្សាជាច្រើនរូបទៀត។
ក្នុងពិធីសំណេះសំណាលនោះ លោក អ៊ីវ វាសនា ក៏បានធ្វើការណែនាំ និងចែករំលែកបទពិសោធន៍ដល់ សិស្សានុសិស្សនូវអ្វីដែលត្រូវត្រៀមមុនពេលក្នុងពេល និងក្រោយពេលប្រលង ផងដែរ។ លោក ក៏បានផ្ដាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំ ប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរក្នុងការប្រឡងនាពេលខាងមុខ ។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត ចំពោះកិច្ចផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពី លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ-អ្នកគ្រូ អាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកា ក្រុមការងារ និងសិស្សានុសិស្សទាំងអស់ដែលបានសហការរៀបចំវគ្គ សិក្សាបំប៉ន ព្រមទាំង ដំណើរការកម្មវិធីនាពេលនេះ៕