ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានក្រើនរំលឹកបន្ថែមឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានទីជនបទ ត្រូវលើកកម្ពស់ ថែរក្សាសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗនៅពេលទឹកស្រកចុះទៅវិញ និងខិតខំដាំដំណាំរួមផ្សំផង។

ក្នុងឱកាសចុះផ្តល់អំណោយកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ជូនប្រជាពលរដ្ឋ ២៦០គ្រួសារ ដែលរងផលប៉ះពាល់ពីជំនន់ ទឹកភ្លៀងទន្លេស្រែពក និងទន្លេសេសាន នៅឃុំតាឡាត និងឃុំក្បាលរមាស ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង កាលពីទី៣១ ខែតុលា ឆ្នាំ២០២១ អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដាស់តៀនបន្ថែមដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំទីជនបទ ជាពិសេស បងប្អូនដែលរងផលប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀង ត្រូវលើកកម្ពស់ថែទាំសុខភាពកូនចៅតូចៗ ក្រុមគ្រួសារ ជាពិសេសមនុស្ស មានវ័យចំណាស់។

លោក បានបញ្ជាក់ថា «ប្រការនេះ ចូលបងប្អូនអនុវត្តតាមមន្ត្រីសុខាភិបាលដែលបានណែនាំកន្លងមកដូចជា(រស់នៅស្អាត ផឹកស្អាត ហូបស្អាត) ជាប្រចាំ និងអនុវត្តវិធានការ (បីកុំ-បីការពារ )ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ផង និងនាំគ្នាខិតខំដាំដំណាំរួមផ្សំឱ្យបាន ច្រើន និងធ្វើការស្តាឡើងវិញនូវផលខូចខាត និង ពិនិត្យមើលទៅលើផ្ទៃដីដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយនាំគ្នាដាំដុះដំណាំកសិកម្ម ដើម្បីបង្កើនសន្តិសុខស្បៀងប្រចាំគ្រួសារ»។

ដោយឡែក លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បានត្រៀមខ្លួនរួចរាល់ នៅពេលទឹកស្រក ទៅវិញនេះ និងប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងថែទាំសុខភាពបានល្អ។

លោក បានបន្តថា ជាមួយគ្នានេះមន្ត្រីសុខាភិបាលបានណែនាំរួចមកហើយឱ្យបងប្អូនយើងទទួលទានអាហារឱ្យបានត្រឹមត្រូវ ពិសាទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាតប្រកបដោយអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្ដល់ជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ, ម៉ាស់១០សន្លឹក និងម៉ាស់ក្រណាត់១បន្ទះ ផងដែរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ