ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះប៉ូលីសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យ អ្នកមិនពាក់មួកសុវត្ថិភាព តែត្រូវពិនិត្យមើល ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ មិនពាក់ម៉ាស់ ត្រូវប្រគល់ម៉ាស់ និងការណែនាំ អោយពាក់ម៉ាសជាប្រចាំ។

នេះជាការលើកឡើង របស់លោកអភិបាល រាជធានីភ្នំពេញ ក្នុងពិធីប្រគល់ នៅថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០២០នេះ និងទទួលម៉ាស់ របស់សម្តេចតេជោ ចំនួន២លានម៉ាស់ ក្រោមវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះ បានបន្តការឆ្លងរាលដាល ក្រោយព្រឹត្តិការណ៍ ថ្ងៃទី៣វិច្ឆិកា នៅរាជធានីភ្នំពេញ ។

លោក  ឃួង ស្រេង បានមានប្រសាសន៍ថា "ម៉ាស់ក្រណាត់ទាំង២លាននេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមក សាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូន ទៅដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាព ក្នុងការទិញម៉ាក់ យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ–១៩ បាននិងកំពុងរាលដាល នៅក្នុងរាជធានីភ្នំពេញ" ។ 

លោកបានបញ្ជាក់ថា ម៉ាស់ទាំងនេះ នឹងប្រគល់ជូនទៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រគល់ជូនស្នងការរដ្ឋាន នគរបាលរាជធានីភ្នំពេញ ។   

លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមា ម៉ាស់នេះ អាចប្រគល់ជូន ប្រជាពលរដ្ឋ ម្នាក់២ម៉ាស់ ដោយម៉ាសនេះ អាចបោកគក់បាន ហើយក៏អាចប្រើប្រាស់ បានពី ២ ទៅ៣ខែ ផងដែរ បើចេះថែរក្សាវាបានល្អ ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ នូវការឆ្លងនូវជំងឺកូវីដ–១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ