ភ្នំពេញ ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងថ្មី បានប្ដេជ្ញាចិត្តដោះស្រាយទំនាស់ដីធ្លី និងទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង លោក សុខ លូ បានប្ដេជ្ញាចិត្តចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក បានថ្លែងថា «ខិតខំ និងបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋាន»។

ជាងនេះទៅទៀត លោក អភិបាលខេត្តបាត់ដំបងថ្មី ក៏បានប្ដេជ្ញាបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្តជាប់ព្រំប្រទល់ និងរដ្ឋបាលខេត្តដទៃ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត   រដ្ឋបាលក្រុង-ស្រុក អង្គការមិនមែនរដ្ឋាភិបាល  និងដៃគូពាក់ព័ន្ធនានា។ ជាពិសេស ធានានិរន្តរភាពកិច្ចការរដ្ឋបាលសាលាខេត្ត និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ និងតាមយន្តការនៃការផ្តល់សេវាផ្សេងៗទៀត ឲ្យបានកាន់តែល្អប្រសើរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ