អគ្គស្នងការរងនគរបាលជាតិ ៖ មន្ត្រីនគរបាលមិនត្រូវយកសិទ្ធអំណាច ឬបុណ្យស័ក្ដិ ទៅកៀបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយឡើយ
ភ្នំពេញ ៖ លោក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី ឬបុណ្យស័ក្ដិ ទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិន ត្រូវយកសិទ្ធអំណាច ទៅគាប់សង្កត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ។នេះយោងតាម ការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន វិបុល មានប្រសាសន៍ថា «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី បុណ្យស័ក្ដិទៅធ្វើអ្វីដែលផ្ទុយ នឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធអំណាច ទៅគាប់សង្កត់ពលរដ្ឋស្លូតត្រង់ ដើម្បីតែផលប្រយោ ជន៍ខ្លួនឯង ដែលធ្វើឲ្យបាត់បង់កត្តិយសជាមន្ត្រីយុត្តិធម៌ បើសិនជាមានករណីនេះកើតឡើង មិនត្រូវបានលើងលែងឡើយ»។
លោកបន្ដថា មន្ត្រីនគរបាល ត្រូវតែខិតខំបំរើនូវសេចក្តីសុខជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អ ដោយត្រូវលុបបំបាត់ឲ្យអស់នូវសកម្មភាព បង្កអសន្តិសុខក្នុងសង្គមជាតិ ចោរលួច ចោរឆក់ ល្បែងស៊ីសង ក្មេងទំនើង ពិសេស ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀម ត្រូវតែរួមគ្នាលុបបំបាត់ ឲ្យអស់។
ជាងនេះទៅទៀត អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងថា មន្ត្រីនគរបាល ត្រូវត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ ជាដើម ដែលអាចកើតមាននាពេលខាងមុខ៕EB