ភ្នំពេញ ៖ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន៤១ករណី ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួល និងដោះស្រាយជូន ជាលក្ខណៈគ្រួសារ ទៅតាមលទ្ធភាពជាក់ស្តែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។

បញ្ហាប្រឈម និងសំណូមពរទាំង ៤១ករណីនោះរួមមាន៖ ទំនាស់ក្រុមគ្រួសារ, ទំនាស់ដីធ្លី (ទំនាស់ព្រំដី, ទំនាស់ដីជាន់កម្មសិទ្ធិ), ជំពាក់បំណុលគេ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឲ្យដឹងថា អភិបាលខេត្តពោធិ៍សាត់ ជានិច្ចជាកាលបានលើកឡើងថា «អ្នកយកដីគេត្រូវឲ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ០១ និង០០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទីទៅតាមឋានានុក្រមគ្រួសារ ជាកូន ជាក្មួយ ជាបង និងជាប្អូន ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនប្រជាពលរដ្ឋបានចំនួន៤១ករណី និងនៅសេសសល់ប៉ុន្មានករណីផ្សេងទៀត ទៅបន្តនៅសប្តាហ៍ក្រោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ