ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីសម្ដេច មិនមានឆ្លង ជំងឺកូវីដ-១៩ តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឲ្យសម្ដេច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយសម្ដេច លុបចោលកិច្ចប្រជុំផ្សេងៗ ផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា ម្សិលមិញមានមានកូវីដ១៩  ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីលោកចាកចេញពីកម្ពុជា។

សម្ដេចតេជោ បន្ដថា នៅថ្ងៃទី៤ វិច្ឆិកា នេះ ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាលប្រមូលអ្នកមាន ទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេចតេជោ មានប្រសាសន៍ថា «ដោយឡែកនៅផ្ទះខ្ញុំ មានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរ សរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។ទោះបីខ្ញុំ មិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឲ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន  និងចៅក៏មិនអាចជួបបានដែរ»។

សម្ដេចតេជោ បន្ដថា «ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន»។

សម្ដេចតេជោ បន្ថែមថា «សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែល ខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើ នៅថ្ងៃ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល សម្ដេច មិនអាចចូលរួមប្រជុំបាន ដែលសម្ដេច នឹងចាត់តំណាងចូលរួមពី ថ្ងៃ១២ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

សម្ដេចតេជោ បញ្ជាក់ថា ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យ ក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែសម្ដេចនៅតែបំពេញការងារដោយពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។សម្ដេចថា សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់សម្ដេចបានដដែល។

សម្ដេចតេជោ នៅតែអាចហាត់ប្រាណ រាប់ទាំងវាយកូនគោល នៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់ តែមិនឲ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។សម្ដេចថា នេះជាវិធីដែលល្អបំផុត ដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ