ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយមានការទទួលពី មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី២៣ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៥ហើយ។ ដោយឡែក លើកទី៤ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១៦ ឧសភា ,លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៦ មីនា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែតែងលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយ ជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ផងដែរ។

រាជរដ្ឋាភិបាល បន្ដថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណង ទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ 

កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបាន ជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងឱ្យទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ នាពេលខាងមុខ។

សូជម្រាបថា មកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំង ជាង៥លានដូសរួចទៅហើយ។ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់ចិន ចំនួន១.៧លានដូស ,វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ចំនួន៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិននោះ ចំនួន៣លានដូស។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២,២៥៣,០៤៤នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ