ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើង និងចាប់យកសារធាតុញៀន ជិត៤ពាន់គីឡូក្រាម
ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីឆ្នាំ២០២០ សមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ និងចាប់យកសារធាតុញៀន មានការកើនឡើង ចំនួន៣៨៧៦គីឡូក្រាម។
ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារអន្ដរក្រសួងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២ ០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ បានលើកឡើងថា «បើធ្រៀបទៅនឹងឆ្នាំមុន (ឆ្នាំ២០១៩) តាមរយៈសេចក្ដីព្រាងរបាយការណ៍ គឺករណីបង្ក្រាបបទល្មើសមានការកើនឡើង (បទល្មើសគ្រឿងញៀន) ៧ភាគរយ កើនឡើង ចឹងករណីនៃការបង្ក្រាបក៏មានការកើនឡើង ចំនួនអ្នកប្រព្រឹត្តិបទល្មើស ក៏ត្រូវបានឃាត់ខ្លួន មានការកើនឡើងដែរ។ ប៉ុន្ដែបរិមាណសារធាតុញៀនដែលត្រូវចាប់យកដោយសមត្ថកិច្ច គឺមានការកើនឡើងខ្ពស់ គឺពីឆ្នាំទៅ (ឆ្នាំ២០១៩) យើងចាប់យកបាន ៧៥០គីឡូជាង។ ដោយឡែកឆ្នាំ២០២០នេះ សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ លំដាប់ថ្នាក់ ចាប់យកសារធាតុញៀនបានដល់ទៅ ៣៨៧៦គីឡូក្រាម»។
បន្ថែមពីនេះ លោក បានរៀបរាប់បន្តថា មូលហេតុនៃបទល្មើសគ្រឿងញៀនកម្ពុជាមានការកើនឡើង ដោយសារក្រុមឧក្រិដ្ឋ ជនបានផ្លាស់ប្ដូរការផលិត ពីការផលិតគ្រឿងញៀនធម្មជាតិ ដែលប្រើប្រាស់រយៈពេលយូរ មកជាការផលិតគ្រឿងញៀនសំយោគ។
លោក បន្ថែមទៀតថា ការផលិតគ្រឿងញៀនសំយោគធ្វើឡើងដោយសារមានសារធាតុគីមីផ្សំ ដូច្នេះ សារធាតុគីមីផ្សំ ងាយហូរចូលទៅតំបន់ផលិត ជាពិសេស ប្រទេសផលិតសារធាតុគីមី ដូចជា ៖ ចិន ឥណ្ឌា ដែលប្រទេសទាំងពីរនេះ មិននៅឆ្ងាយប៉ុន្មានពីតំបន់ត្រីកោណមាស ដូច្នេះ តំបន់ត្រីកោណមាសនៅចន្លោះប្រទេសផលិតសារធាតុគីមីផ្សំ។
ជាងនេះទៅទៀត លោក បញ្ជាក់ថា គ្រឿងញៀនដែលពួកក្រុមឧក្រិដ្ឋជនផលិតហើយ មានអាយុកាលរបស់វា បើផលិ តទុកចោលឆាប់ខូចដូចថ្នាំពេទ្យដែរ ដូច្នេះ ក្រុមឧក្រិដ្ឋជនរិះរកមធ្យោបាយ និងកសាងបណ្ដាញដើម្បីដឹកជញ្ជូនគ្រឿញៀនពីតំបន់ផលិត ទៅរកទីផ្សារនៃការប្រើប្រាស់។ លោកបន្ថែមថា បញ្ហាគ្រឿងញៀនគឺជារឿងសកលមានភាពស្មុគស្មាញ ហើយប្រទេសណាមួយក៏មិនអាចដោះស្រាយបញ្ហាគ្រឿងញៀនតែឯងបានជោគជ័យឡើយ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាកន្លែងឆ្លងកាត់។
លោក បានឲ្យដឹងទៀតថា កាលពេលមុនគ្រឿងញៀនឆ្លងកាត់ពីប្រទេសឡាវមកកម្ពុជា ឥឡូវនេះគ្រឿងញៀនឆ្លង ពីថៃ មកម្ពុជា ដូច្នេះ សព្វថ្ងៃនេះបញ្ហាគ្រឿងញៀននៅថៃ មានភាពស្មុគស្មាញជាងនៅកម្ពុជាទៅទៀត។
លោក បន្ដថា ក្នុងបរិបទមានការគំរាមគំហែងដោយសារជំងឺកូវីដ-១៩ ហើយបញ្ហាគ្រឿងញៀនត្រូវបានប្រែប្រួលអំពីចរាចរណ៍គ្រឿងញៀន ច្រើនមានការដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានធ្វើការបង្ក្រាបគ្រឿងញៀនបានច្រើននៅតាមបញ្ញើប្រៃណីយ៍។ ដើម្បីឲ្យការងារបង្ក្រាបគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងថា អាជ្ញាធរ នឹងធ្វើការពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេស លើកកម្ពស់ការងារផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងយុវជន ដើម្បីលុបំបាត់ទីផ្សារគ្រឿងញៀននៅកម្ពុជា៕EB