ក្រសួងយុត្តិធម៌ ៖ ការបង្កប់កាមេរ៉ាក្នុងបន្ទប់គេង នៅសណ្ឋាគារ ឬផ្ទះសំណាក់ គឺជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន
ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាពរបស់ភ្ញៀវ ដែលចូលទៅសម្រាកនៅទីនោះ គឺជាទង្វើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន របស់អ្នកដទៃ។
សូមជម្រាបថា ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដាក់ពន្ធនាគារ នៅថ្ងៃ២៨ តុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារ របស់ខ្លួន កាលពីថ្ងៃ២៥ ឧសភា។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាពរបស់ភ្ញៀវ គឺទង្វើនេះវាជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជនរបស់បុគ្គល ដែលការពារដោយច្បាប់»។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានគូសបញ្ជាក់ថា ចំពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះ គឺតុលាការជាអ្នកសម្រេច៕EB