ភ្នំពេញ ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពី ក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និងស៊ីណូហ្វាម ៥០ម៉ឺនដូស។

វ៉ាក់សាំង ចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី៨ មិថុនា នេះ គឺជារ៉ាក់សាំង លើកទី៦ហើយ។ ដោយលើកទី៥ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា ,លើកទី៤ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១៦ ឧសភា ,លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៦ មីនា។

តាមសារៈសំឡេង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនា ឆ្នាំ២០២១ និងមកជាបន្ដបន្ទាប់ទៀត ផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន តែតែងលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀ ត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយ ជំងឺកូវីដ-១៩។

សម្ដេចតេជោ ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់ វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋ របស់ខ្លួន។ ទន្ទឹមនឹងនេះ  សម្ដេចតេជោ បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ផងដែរ។

សម្ដេចតេជោ បន្ដថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមាន វ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជាបានកើតមាន ក្រោមចំណង ទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ 

កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបាន ជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ នាពេលខាងមុខ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៦៦%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ