ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគា ររាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត និងបង្កើនរក្សាសន្ដិសុខ និងសុវត្ថិភាព ក្រោយពីរកឃើញអ្នកទោសមួយចំនួនឆ្លងជំងឺកូវីដ-១៩។

នាពេលថ្មីៗនេះ ជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត មួយចំនួន តាមរយៈការរកឃើញករណ៍វិជ្ជមានជំងឺនេះ លើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន។

តាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «ចំពោះមណ្ឌល អប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដែលបានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ អភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលជាមួយ មន្ទីរសុខាភិបាល និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ការគាំទ្រដល់ អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ព្រមទាំង ពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្ត វិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំង នោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនូវជំងឺនេះ មកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំង បង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឲ្យបានល្អ»។

សម្ដេច បន្ដថា ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹង ការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំង នានា ការពាក់ម៉ាស ការលាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬអាល់កុលដែល ការវាស់កំដៅលើមន្ត្រី អនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាត ឱ្យចេញ-ចូលក្នុងពន្ធនាគារ តាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទាំងនោះ។ 

សម្ដេច ស ខេង ក៏បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែ ឬពន្ធនាគារណាមួយ អភិបាលរាជធានី-ខេត្ត ត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតប និងត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ