ចាប់ពីថ្ងៃទី១៣-១៨ មេសា! រាជរដ្ឋាភិបាល ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាល
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានបញ្ជាក់ថា ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩នេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលមានអាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រសួងការបរទេស ក៏បានស្នើអង្គការដែលមានឈ្មោះនៅក្នុងឧបសម្ព័ន្ធ មកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាសយដ្ឋានពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។
ក្រសួងការបរទេស នឹងជូនដំណឹងអំពីពេលវេលាធ្វើការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាល៕