ភ្នំពេញ ៖ ថ្លែងចំពោះមុខពលរដ្ឋខ្មែររាប់ពាន់នាក់ រស់នៅអាមេរិក និងកាណាដា,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ មិនធ្វើបាបប្រជាពលរដ្ឋ មិនបំផ្លាញប្រទេសជាតិ មិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ស្មារតីជាតិនិយម មិនមែនទាល់តែដើរស្រែកតាមផ្លូវនោះទេ ជាតិនិយម គឺការរួមគ្នាជួយឲ្យជាតិខ្លាំង។ សម្ដេច បន្ដថា ការគាំទ្ររបស់ប្រជាពលរដ្ឋ គឺការឃើញលទ្ធផលជាក់ស្តែង មិនមែនគោលនយោបាយប្រជាភិថុតិនោះឡើយ ធ្វើបានប៉ុណ្ណា ត្រូវបង្ហាញជូនប្រជាពលរដ្ឋ ឲ្យបានឃើញប៉ុណ្ណឹង។

សម្ដេចធិបតី បានថ្លែងថា «គោលនយោបាយដែរខ្ញុំ ជម្រាបជូន អុំ ពូ មីញ បងប្អូន គឺគោលនយោបាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយជាពិសេសសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក សម្រាប់ជាទិសដៅរបស់យើង។ អញ្ចឹង អុំ ពូ មីញ ជឿចុះ រដ្ឋាភិបាលនេះ ក៏ដូចជា រដ្ឋាបាល អាណត្តិមុនៗ មិនធ្វើបាបប្រជាពលរដ្ឋ ឬមួយយកប្រជាពលរដ្ឋ ប្រទេសជាតិ បំផ្លាញជាតិ និងប្រជាជននោះទេ សូមទុកចិត្តចុះ»។

សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល មិនបដិសេធ យកចំណុចខ្សោយ ហើយក៏មិនអួតថា «ល្អឥតខ្ចោះនោះទេ» ប៉ុន្ដែរាជរដ្ឋាភិបាល មានចេតនា និងឆន្ទៈ ធ្វើឲ្យខ្លួនឯងល្អឥតខ្ចោះ បានន័យថា «រាល់ចំណុចខុសឆ្គង និងខ្វះខាត នឹងខិតខំកែលម្អ» ទាំងនេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតជូន នាពេលកន្លងមក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ