BREAKING កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ឆាប់ៗនេះ ព្រះរាជក្រឹត្យថ្មីនឹងចេញ ដោយតម្រូវឱ្យមន្ត្រីរាជការ ដែលមានតួនាទីជាទីប្រឹក្សា គឺមិនត្រូវផ្ដល់ងារ «ឋានៈ» ស្មើណាមួយទៀតនោះទេ
កណ្ដាល ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា មន្ត្រីរាជការណា ដែលត្រូវបានតួនាទីបន្ថែមជាទីប្រឹក្សាក្រសួងស្ថាប័ន និងមិនត្រូវបានផ្ដល់ងារឋានៈស្មើណាមួយទៀតនោះទេ ខណៈអ្នកដែលត្រូវបានផ្ដល់ហើយនឹងត្រូវទុកពេល ៦ខែដើម្បីឲ្យជ្រើសរើសថាចង់បានតួនាទីប្រឹក្សាឋានៈស្មើ ឬតួនាទីក្នុងស្ថាប័នការងារ។
ថ្លែងនៅក្នុងវេទិកាសាធារណៈជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីបញ្ជៀសនូវការលំបាកនូវការបែងចែកឋានៈដោយសារកាលពីមុនមានអភិបាលរងខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី។ ការធ្វើបែបនេះក៏បញ្ជៀសនូវការប្រកួតប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា នៅពេលនេះ រដ្ឋាភិបាលកំពុងរៀបចំនូវច្បាប់មួយ ដើម្បីបែងចែកនូវតួនាទីទាំងនេះ ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សាដែលមានឋានៈស្មើ នឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ខណៈដែលអ្នកដែលមានតួនាទីត្រូវផ្ដល់ត្រឹមឋានៈជាទីប្រឹក្សា៕EB