ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣២៥៨ករណី និងចាប់យកគ្រឿងញៀន ជាង៨៥០គីឡូក្រាម ព្រមទាំង ចាប់ខ្លួនជនសង្ស័យតាមដីការ ចំនួន២២១នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា ក្នុងរយៈពេល ១ឆមាស ឆ្នាំ២០២១ កម្ពុជាប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចថា  ថ្វីដ្បិតតែបញ្ហានេះមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ប៉ុន្តែវាក៏បង្កឲ្យមានផលវិបាក មួយចំនួន ដូចជា ការធ្លាក់ចុះកិច្ចសហប្រតិបត្តិការបង្ក្រាបក្នុងតំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឲ្យក្រុមឧក្រិដ្ឋជនមានឱកាសបង្កើនការផលិត និងអំណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន។

សម្ដេច បញ្ជាក់ថា «យ៉ាងណាក៏ដោយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៣២៥៨ករណី ក្នុងនោះ ករណីជួញដូរ រក្សាទុក ២១២៩ករណី, ករណីប្រើប្រាស់១០៩៩ករណី, ដាំដុះ ២៨ករណី, សំយោគ កែច្នៃ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៤១៤៩នាក់, ប្រើប្រាស់គ្រឿងញៀន ៣០៩៥នាក់, ដាំដុះ ៦នាក់ និង សំយោគ កែច្នៃ ៩នាក់ ព្រមទាំង ចាប់ខ្លួនជនសង្ស័យតាមដីការ ២២១នាក់»។

សម្ដេច បន្ដថា «ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការ រយៈពេលកន្លះឆ្នាំមកនេះ សមត្ថកិច្ច បានចាប់យកគ្រឿងញៀន បានសរុបជាង៨៥០គីឡូក្រាម ក្នុងនោះ រួមមាន មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ីជាង ១៥២គីឡូក្រាម, កេតាមីនជាង ៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង ២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សាធាតុគីមីផ្សំជាង១០គីឡូក្រាម»។

សម្ដេច ក៏បានរៀបរាប់ថា ជាមួយគ្នានេះ សមត្ថកិច្ចប្រមូលបាន និងបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត រួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចជា រថយន្ត ៦៣គ្រឿង, ម៉ូតូ ១០១២គ្រឿង, ទូរសព្ទ ៣២៥១គ្រឿង, ជញ្ជីង ១៦២គ្រឿង, អាវុធវែង ១២៦ដើម, អាវុធខ្លី១២ដើម, ប្រាក់រៀលជាង ១៧លានរៀល, ប្រាក់អាមេរិកជាង ២ពាន់ដុល្លារ, ប្រាក់ថៃជាង ១សែន២ម៉ឺនបាត និងប្រាក់វៀតណាម ជាង២ម៉ឺនដុង ព្រមទាំង បានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ ២កន្លែង។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកឡើងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានអ្នកមកទទួលសេវាពិនិត្យ ព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រាជធានី-ខេត្ត ចំនួន៤៣៨២នាក់ ។ ចំណោមជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលឃាត់ខ្លួន៣០៩៥នាក់ សមត្ថកិច្ចបានបញ្ជូនទៅមណ្ឌល ១៩៣៥នាក់, អប់រំនិងបញ្ជូនទៅមូលដ្ឋានវិញ ៧១៥នាក់, និងចាត់វិធានការបញ្ជូនទៅពន្ធនាគារ៤៤៥នាក់ ។ ជាមួយគ្នានេះក៏មានអ្នកធ្វើសមាហរណកម្មចេញពីមណ្ឌល ៤៨៣៦នាក់ និងកំពុងបន្តធ្វើការបន្សាបព្យាបាលតាមមណ្ឌល ៤០៦៣នាក់។

សម្ដេច រំលឹកថា បញ្ហាកូវីដ-១៩ ថ្វីដ្បិតថា ពេលនេះមានសភាពខ្លាំងក្លា ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់ នៅថ្ងៃណាមួយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញឡើយ។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស បានសម្រេចកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ជាកម្រិតគោលនយោបាយ ហើយបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ