ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានជឿជាក់ថា កម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាង ជោគជ័យជាមួយជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា នាថ្ងៃទី៨ មិថុនា វ៉ាក់សាំងកូវីដ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហានទី៤ របស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ។ នេះគឺជាជំនួយឥតសំណងជាវ៉ាក់សាំងជំហានទី៤ ដែលរដ្ឋាភិបាលចិនជូនចំពោះកម្ពុជាបន្ទាប់ពីជំហានទី១ ចំនួន៦០ម៉ឺនដូស ជំហានទី២ ចំនួន៧០ម៉ឺនដូស និងជំហានទី៣ ចំនួន៤០ម៉ឺនដូស។

ស្ថានទូត បន្ដថា «ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពដូចបងប្អូនរវាងចិននិងកម្ពុជា។ ក្នុងកិច្ចការប្រយុទ្ធ ប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាល និងប្រជាជនចិន តែងតែឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ»។

ស្ថានទូត បន្ថែមថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែប្រឈមជាមួយជំងឺវីរុសយ៉ាងតាងតឹង ភាគីចិន នឹងបន្តជំរុញយ៉ាងមុតមាំនូវកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ លើការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ រហូតដល់កម្ពុជាអាចយកឈ្នះលើជំងឺវីរុសមួយនេះទាំងស្រុង។ 

ស្ថានទូត បញ្ជាក់ទៀតថា «យើងជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន»។

ជាងនេះទៅទៀត ស្ថានទូតចិន ប្រចាំកម្ពុជា លើកឡើងថា ចំពោះវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជា នាលើកនេះ ក៏មានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សហគ្រាសចិនកំពុងខិតខំផលិតយ៉ាងមមាញឹក ដើម្បីប្រគល់វ៉ាក់សាំងទាំងនេះដល់ភាគីកម្ពុជាទាន់ពេលវេលា ជួយភាគីកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។ ទាំងនេះបានបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត របស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ 

សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥,៥១១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ២៨,៦៤៩នាក់ និងស្លាប់ ចំនួន ២៧៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ